ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ចំពោះព័ត៌មានផ្ទុះការចាប់អារម្មណ៍មួយ ទាក់ទងទៅនឹងសមាគមមិត្តនគរបាលជាតិកម្ពុជា បានចេញលិខិតមួយច្បាប់ផ្ញើជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយសំណូមពរឲ្យជួយពិនិត្យកែលម្អដល់ស្ថានីយទូរទស្សន៍ និងសិល្បករមួយចំនួន ដែលបាននិពន្ធ និងដឹកនាំការសម្ដែងឈុតវីដេអូកំប្លែងខ្លី ដែលមានផលប៉ះពាល់ពាក់ព័ន្ធទៅនឹងរូបភាពជាមន្ត្រីនគរបាលជាតិ។
ក្នុងលិខិតលេខ ២៧ លស.សមន ចុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានខ្លឹមសារលើកឡើងថា៖ «មួយរយៈកន្លងមកនេះ ជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃបាននិងកំពុងធ្វើយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ សមាគមមិត្តនគរបាលជាតិកម្ពុជា បានពិនិត្យ និងសង្កេតឃើញថា មានស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាសិល្បករមួយចំនួន បានផលិតជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះបានសម្តែងជាតួអង្គមន្ត្រីនគរបាលជាតិ ដែលមានការស្លៀកពាក់ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ផ្អែកតាមបទដ្ឋានស្តីពីឯកសណ្ឋាន និងស្លាកសញ្ញាមន្ត្រីនគរបាលជាតិ ដែលបានកំណត់ ហើយតួអង្គនគរបាលមានសក់វែង និងបានប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសិលធម៌វិជ្ជាជីវៈរបស់មន្ត្រីនគរបាលជាតិទៀតផង» ។
ការលើកឡើងបែបនេះរបស់សមាគមមិត្តនគរបាលជាតិ ត្រូវបានគេដឹងថា គឺចង់ផ្តោតសំដៅទៅលើក្រុមតារាកំប្លែងនាយពាក់មី តែម្តង បន្ទាប់ពីបានសង្កេតឃើញក្រុមកំប្លែងរបស់លោក បានសម្តែងជាតួអង្គមន្ត្រីនគរបាលជាតិ ជាមួយឈុតរឿងសំណើចខ្លីៗលក្ខណៈអប់រំ លាយឡំកំប្លែង ដែលមើលទៅហាក់មិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់មន្ត្រីនគរបាលជាតិ ដែលក្នុងនោះសមាគមក៏បានសង្កត់ធ្ងន់ទៅលើតួសម្តែងជាប៉ូលីសទុកសក់វែងប្រៀបដូចយូកូមអ៊ីចឹងផងដែរ។
ដោយឡែក នៅមុននេះប៉ុន្មានម៉ោង (ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០) លោក ចែម ចាន់រ៉ា (នាយ ពាក់មី) តារាកំប្លែងដ៏ល្បីឈ្មោះមួយរូប បានបង្ហោះសារឆ្លើយតបទៅកាន់សមាគមមិត្តនគរបាលជាតិ ដោយលោកបានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងនេះ គឺចោរបន្លំធ្វើប៉ូលិសទេ មើលឲ្យចប់បានដឹង. តែខ្ញុំទទួលស្គាល់ខុសរឿងសក់វែង. ដោយសារគិតថាតួកំប្លែង តែខ្ញុំមិនហ៊ានខមមិនអីទេ ខ្លាចខុស បងប្អូនអាចខមមិនបាន» ។ ទោះយ៉ាងណា ក្នុងសារបកស្រាយខាងលើនេះ លោក ពាក់មី ពុំបានជំទាស់ទៅនឹងប្រតិកម្មរបស់សមាគមទេ ដោយលោកទទួលស្គាល់កំហុសខុសឆ្គងគ្រប់យ៉ាងទាំងអស់៕
ដោយ៖ លឹម ហុង