ភ្នំពេញ៖ ស្ត្រីជាអាជីវករលក់ខោអាវម្នាក់នៅផ្សារមួយកន្លែង នៅក្នុងក្រុងតាខ្មៅ ខណៈរវល់ជាប់ Live វីដេអូឆ្លៀតលក់តាមអនឡាញបន្ថែម ខ្វះការប្រុងប្រយ័ត្ន ត្រូវបានចោរស្រីម្នាក់ចូលបន្លំធ្វើជាទិញខោអាវ លួចលុយអស់ជាង ១ពាន់ដុល្លារ និងបន្តោងខ្សែកប្លាទីនចំនួន២ទុកក្នុងកាបូប គេចខ្លួនបាត់ស្រមោល ។
នេះបើយោងតាមទំព័រហ្វេសប៊ុកព័ត៌មានខេត្តកណ្តាល បានបង្ហោះឲ្យដឹងថា៖ “ស្ត្រីអ្នកលក់ Online ម្នាក់ រវល់តែ Live លក់ដូរអីវ៉ាន់របស់ខ្លួនដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានចោរស្រីម្នាក់ឆ្លៀតបន្លំលួចលុយអស់ជាង១ពាន់ដុល្លារ និងបន្តោងខ្សែកប្លាទីនចំនួន២ ក្នុងកាបូបបានសម្រេចហើយគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចហាងលក់ខោអាវ ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល”។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ដា ឆេងលាង អាយុ២០ឆ្នាំ ទីលំនៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរលក់ដូរ។ រីឯជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែលជាង៥០ឆ្នាំ បានរត់គេចខ្លួនបាត់ស្រមោល។
នៅពេលដែលជនរងគ្រោះកំពុងអង្គុយឡាយវីដេអូ នៅក្នុងហាងលក់ខោអាវរបស់ខ្លួន ស្រាប់តែជនសង្ស័យ បានដើរចូលមកទិញខោអាវ ដោយរើស ខោអាវជាច្រើនឱ្យជនរងគ្រោះច្រកថង់។ ឆ្លៀតពេលដែលជនរងគ្រោះ កំពុងជាប់រវល់ច្រកខោអាវដាក់ថង់ ជនសង្ស័យបានបន្លំលួចយកលុយនិងបន្តោងខ្សែក របស់ជនរងគ្រោះដែលទុកក្នុងកាបូបព្យួរនៅលើស្នួរខោអាវ ហើយប្រាប់ជនរងគ្រោះថាទុកខោអាវសិន អ៊ំទៅទិញថ្នាំលាបសក់រួចនិងត្រឡប់មកយកវិញ៕
ដោយ៖ លឹម ហុង