មេបក្សប្រឆាំងរុស្សី ដ៏ល្បីឈ្មោះ Alexei Navalny បានចោទប្រកាន់របបដឹកនាំសព្វថ្ងៃរបស់ប្រធានាធិបតីពូទីនថា បង្កើតឡើងដោយអំពើពុករលួយ ហើយលោកក៍បានស្នើឲ្យវិមានក្រេមលីន (Kremlin) ស្ថារទំនាក់ទំនងជាមួយនឹងប្រទេសលោកខាងលិចផងដែរ។
មេដឹកនាំបក្សប្រឆាំង ដែលត្រូវបានហាមឃាតមិនឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោត ដែលនឹងធ្វើឡើងនៅក្នុងខែមិនាខាងមុន បានអះអាងថា លោក ពូទីន ខ្លាចបក្សប្រឆាំង។
នៅក្នុងកិច្ចសម្ភាសន៏ផ្តាច់មុខជាមួយនឹង CNN នៅទីស្នាក់ការស្ថិតក្នុងទីក្រុងមូស្កូ ប្រទេសរុស្សី លោក បានព្រមានថា នឹងមានការកើនឡើងយ៉ាងខ្លាំងពីការមិនពេញចិត្ត ការខ្វះភាពអត់ធ្មត់ ពីសំណាក់ប្រជាជន។
លោកបញ្ជាក់ថា “លោក ពូទីនបានកាន់អំណាចអស់រយៈពេល ១៨ឆ្នាំហើយ។ ប្រជាជនមិនទាន់ត្រៀមខ្លួនទេក្នុងការរងចាំរយៈពេល ៦ឆ្នាំទៀត បន្ទាប់មក ៦ឆ្នាំទៀត”។ ការអះអាងនេះលោកចង់សំដៅទៅលើការកាន់អំណាចបន្តរយៈពេល ៦ឆ្នាំខាងមុខទៀតរបស់លោក ពូទីន។
មេដឹកនាំបក្សប្រឆាំងនេះ ដែលមានវ័យ ៤១ឆ្នាំ បាននិយាយថា អ្នកគាំទ្ររបស់លោក នឹងធ្វើការតវ៉ានៅតាមដងផ្លូវក្នុងទីក្រុងជាង ១០០ ទូទាំងប្រទេសរុស្សី នៅថ្ងៃអាទិត្យនេះ ដើម្បីបង្ហាញពីការតវ៉ាផ្នែកនយោបាយ។
លោកបញ្ជាក់ទៀតថា ប្រជាជនបានស្ទីបន្ទោសដល់របបលោកពូទីន ដោយសារតែស្ថានភាពរបស់ពួកគេនាពេលបច្ចុប្បន្ន។
លោកថ្លែងប្រាប់ CNN ថា “របបលោកពូទីនបង្កើនដោយសារអំពើពុករលួ”។ “បើយោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា ប្រជាជនរុស្សីច្រើនជាង ២០ភាគរយកំពុងរស់នៅក្រោមបន្ទាប់ភាពក្រីក្រ”។
លោក ចោទសួរថា ហេតុអ្វីបានជាប្រជាជនទាំងនោះក្រ ព្រោះដោយសារតែ ពួកគេ (ពួកដឹកនាំបក្សកាន់អំណាច) បានលួចប្លន់យ៉ាងច្រើន៕ សុភ័ក្ត្រ