Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​អង្ករ ពី​កម្ពុជា នឹង​កើន​ជាង​៨០​ម៉ឺន​តោន ក្នុងឆ្នាំនេះ​

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ អគ្គនាយកដ្ឋាន​កសិក​ម្ម នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់ថា កម្ពុជា​អាច​នាំចេញ​អង្ករ​ប្រមាណ ៨០​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០២០​នេះ​ឬក៏​អាច​ឈានដល់​ទៅជិត​១​លាន​តោន ខណ​:​ត្រឹមតែ​រយ​:​ពេល​៥​ខែ នៅ​ឆ្នាំនេះ កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន​ជាង​៣៥​ម៉ឺន​តោន​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី “​សក្ដានុពល​នាំចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ ដែលមាន​ការទាក់ទង​នឹង​ភូតគាម​អនាម័យ​”​កាល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់ថា គិត​ត្រឹម​រយ​:​ពេល ៥​ខែ​នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា បាន​នាំចេញ​អង្ករ​ទៅកាន់​បណ្ដា​ប្រទេស​នានា លើ​ពិភពលោក បាន​ចំនួន​ជាង​៣៥​ម៉ឺន​តោន កើនឡើង​៤២,៣៩​ភាគរយ បើ​ធៀប​ទៅនឹង​រយៈ​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​។​

​ឯកឧត្តម​បាន​ថ្លែងថា​តាមរយៈ​ការកើនឡើង​នេះ ដែល​យើង​អាច​ប៉ាន់​ស្មានថា ក្នុង​ឆ្នាំ​២០២០​នេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា នឹងមាន​ការកើនឡើង​រហូតដល់​ទៅជិត​១​លាន​តោន ។​

​បើតាម​ឯកឧត្តម ងិន ឆាយ​៖« ដោយ​យើង​សង្កេតឃើញថា នៅ​បណ្តា​ប្រទេស​មួយចំនួន គឺ​គេ​បាន​កម្មង់​អង្ករ ជាពិសេស​អង្ករ​ក្រអូប​កម្ពុជា​ទៅ​សហគមន៍​អឺរ៉ុប​មានការ​កើនឡើង នេះ​ជាស​ញ្ញា​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា ចឹ​ង​ទំហំ​នៃ​ការនាំចេញ​របស់​យើង ខ្ញុំ​សង្ឃឹមថា អាច បាន​ប្រហែល​ជិត​១​លាន​តោន ប្រសិនបើជា​តាម​សន្ទុះ​នៃ​កា​រក​ម្ម៉​ង់ ឬមួយ​ក៏​ការប៉ាន់ស្មាន​ពី​សហព័ន្ធ​ស្រូវ​អង្ករ យ៉ាងហោចណាស់​ក៏​យើង​បាន​ប្រហែលជា​៨០​ម៉ឺន​តោន​អី​ដែរ ខណៈដែល​កាលពី​ឆ្នាំ​២០១៩​យើង​បាន​នាំចេញ​ប្រហែលជា​៦២​ម៉ឺន​តោន​។​»

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា នៅក្នុង​រយៈពេល​នេះ ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន​ជាង​១៣,៦​ម៉ឺន​តោន​, សហភាព​អឺរ៉ុប​មាន​ចំនួន​ជាង​១២​ម៉ឺន​តោន​, ទីផ្សារ​អាស៊ាន​វិញ គឺមាន​ប្រមាណ​៤,៥​ម៉ឺន​តោន ខណៈ​នាំ​ចេញទៅ​ប្រទេស​ផ្សេងទៀត មាន​ឥណ្ឌា​ជាដើម គឺ​បាន​កើនឡើង​ប្រមាណ​៧៩​ភាគរយ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៩ ការនាំ​អង្ករ​ចេញ​ក្នុង​ឆ្នាំ​២០១៩ សម្រេចបាន​ចំនួន ៦២០ ១០៦​តោន ទៅកាន់​ទិសដៅ​៥៩​ប្រទេស ក្នុងនោះ ការនាំ​ចេញទៅ​ប្រទេស​ចិន​បាន​ច្រើនជាងគេ​គឺ ២៤៨ ១០៥​តោន ស្មើនឹង​៤០,៧៣% ទៅ​សហគមន៍​អឺរ៉ុប (២៥​ប្រទេស​) បាន​ចំនួន​២០២ ៩៩០​តោន ស្មើនឹង​៣២,០១% ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន (៦​ប្រទេស​) បាន​ចំនួន​៨៣ ១៦៤​តោន ស្មើនឹង​១៣,៤១% និង​ទៅ​២៧​ប្រទេស​ផ្សេងៗ​ទៀត​បាន​ចំនួន​៨៥ ៨៤៧​តោន ស្មើនឹង​១៣,៨៤% នៃ​ការនាំចេញ​អង្ករ​សរុប​។

​ទោះបី​បរិមាណ​នាំចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១៩ មានការ​ថយចុះ​បន្តិច (០,៩%) ក៏ដោយ ក៏​បរិមាណ​នាំចេញ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដែល​ទំហំ​នៃ​ការនាំចេញ​មាន​ចំនួន ៥៣១ ៦៤៨​តោន ស្មើនឹង​៨៥,៧៤% គឺ​កើន​លើស​ឆ្នាំមុន​ចំនួន​៣៨ ០៥១​តោន ហើយ​អង្ក​រស​ចម្រុះ​មាន​ចំនួន​តែ​៨១ ២៩១​តោន ស្មើនឹង​១៣,១១% និង​អង្ករ​ចំហុយ​ចំនួន​តែ​៧ ១៦៧​តោន ស្មើនឹង​១,១៦% នៃ​ការនាំចេញ​អង្ករ​សរុប​។​

​កំណើន​នៃ​បរិមាណ​នាំចេញ​អង្ករ​ក្រអូប​បានបង្ហាញ​អំពី​ការទទួលស្គាល់​នូវ​គុណ​ភាពល្អ​ពិសេស​របស់​អង្ករ​ក្រអូប​កម្ពុជា​ដោយ​ទីផ្សារ​អន្តរជាតិ និង​ម្យ៉ាងទៀត​បានបញ្ជាក់​អំពី​ការរីកចម្រើន​នៅក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា ដែល​បាននិងកំពុង​ពិពិធ​កម្ម​ផ្តោតលើ​មុខទំនិញ​មាន​ឧត្តមភាព​ប្រៀបធៀប ដែលជា​បច្ច័យ​មួយ​ជួយ​ឱ្យ​កម្ពុជា​អាចបង្កើត​បាន នូវ​ឧត្តមភាព​ប្រកួតប្រជែង​ពិតប្រាកដ​របស់ខ្លួន​មួយ នៅក្នុង​ឧស្សាហកម្ម​កែច្នៃ​នាំចេញ​អង្ករ នៅក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុងពេល​ខាង​។​
​ការនាំចេញ​ផលិតផល​សំខាន់ៗ​ផ្សេងទៀត​រួមមាន​៖ ចំណិត​ដំឡូង​មី​ក្រៀម​បាន​ចំនួន ១ ៦២៦ ១៦៥​តោន ដំឡូង​មី​ស្រស់​បាន​ចំនួន ១ ៦០៨ ៤៥០​តោន ម្ស៉ៅ​ដំឡូង​មី​បាន​ចំនួន ៥៦ ៨៧៤​តោន គ្រាប់ស្វាយចន្ទី​បាន​ចំនួន ២០២ ៣១៨​តោន ផ្លែ​ចេក​ស្រស់​បាន​ចំនួន ១៥៧ ៨១២​តោន គ្រាប់ពោត​បាន​ចំនួន ១១៩ ៩៩៣​តោន សណ្តែកបាយ​បាន​ចំនួន​៩ ៣៧០​តោន សណ្តែកសៀង​បាន​ចំនួន ៥៧ ២៥០​តោន ម្ទេស​ស្រស់​បាន​ចំនួន​៥៥ ៥១៣​តោន ម្រេច​បាន​ចំនួន​៣ ៦៩៣​តោន និង​ផ្លែស្វាយ​ស្រស់​បាន​ចំនួន ៥៨ ១៦២​តោន និង​ដំណាប់​ស្វាយបាន​ចំនួន​២ ៧១២​តោន​។​ល​៕

​ដោយ​៖CEN


×