ស្ត្រីជនជាតិរ៉ូហ៊ីងយ៉ាមកពីប្រទេសមីយ៉ាន់ម៉ា បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវប្តីរបស់នាងចាក់សម្លាប់នៅមុខផ្ទះរបស់ពួកគេ នៅ Kampung Gong Garu, Pasir Puteh ។
Harian Metro បានរាយការណ៍ថា ស្ត្រីឈ្មោះ Noor Begum Dil Muhammad អាយុ ២៨ ឆ្នាំ ត្រូវប្តីរបស់នាងចាក់សម្លាប់ដោយកាំបិតបន្លែ នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
អ្វីដែលគួរឱ្យរន្ធត់ជាងនេះទៅទៀតនោះ គឺការចាក់សម្លាប់នេះបានកើតឡើង នៅចំពោះមុខកូនទាំងពីររបស់ពួកគេ ដែលមានអាយុទើបតែ ៣ និង ៤ ឆ្នាំ ប៉ុណ្ណោះ។
អ្នកជិតម្នាក់គេឈ្មោះ Maimun Chik អាយុ ៤៧ ឆ្នាំ បាននិយាយថា គាត់កំពុងលាងចាន នៅពេលនោះគាត់ក៏បានឮសំឡេងចេញពីផ្ទះរបស់ប្តីប្រពន្ធនោះ ហើយក៏បានរត់ចេញមកមើល។
Chik បានបន្តថា៖ “ខ្ញុំពិតជារន្ធត់ខ្លាំងណាស់ ដែលឃើញជនរងគ្រោះដេកស្តូកស្តឹងនៅខាងមុខផ្ទះខ្ញុំ ក្នុងថ្លុកឈាម ខណៈពេលដែលក្មេងតូចៗ២នាក់ ជាកូនរបស់របស់នាងយំ នៅក្បែរសពម្តាយរបស់ពួកគេ” ។
ខ្ញុំតែងតែឮពួកគេ (ប្តីប្រពន្ធ) ឈ្លោះប្រកែកគ្នា ប៉ុន្តែមិនបាននឹកគិតថាវាអាចបង្កឱ្យមានរឿងហេតុបែបនេះ កើតឡើងសោះឡើយ។
លោក Chik បាននិយាយថា ប្តីប្រពន្ធ និងកូនប្រុសរបស់ពួកគេទាំងពីរនាក់ បានរស់នៅក្បែរគាត់តែ ២ ខែប៉ុណ្ណោះ ហើយត្រូវបានគេនិយាយថា ពួកគេធ្លាប់រស់នៅ Jertuh, Terengganu។
ជាមួយគ្នានេះដែរ អធិការប៉ូលិសស្រុក Pasir Puteh លោក Mohd Azmir Damiri បាននិយាយថា លោកបានទទួលទូរស័ព្ទអំពីហេតុការណ៍នេះនៅម៉ោង ១០ និង ៣០ នាទីព្រឹក។
លោកបាននិយាយថា “ការពិនិត្យដំបូងបានបង្ហាញថា មានស្នាមរបួសចំនួនពីរកន្លែង នៅលើខ្លួន និងស្នាមដាច់ជុំវិញខ្លួន និងដៃខាងស្តាំរបស់ជនរងគ្រោះ” ។
អាវុធមុតស្រួច (កាំបិត) ដែលជនសង្ស័យប្រើ ក៏ត្រូវបានរកឃើញនៅកន្លែងកើតហេតុផងដែរ។
ទោះយ៉ាងណា ជនសង្ស័យត្រូវបានចាប់ខ្លួននៅម៉ោង ៣ រសៀល នៅម្តុំតំបន់ Kota Bharu ហើយនឹងត្រូវស៊ើបអង្កេតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)