កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីមួយរូប ដែលជាម្ចាស់គណនីហ្វេសប៊ុក Oun MoukTa បានបង្ហោះវីដេអូដ៏មហារន្ធត់មួយ ពីកន្លែងដែលរូបនាង និងក្រុមការងារថតរឿង ដោយបង្ហាញបុរសម្នាក់ដែលជាប់គាំង បានដើរឆ្លងតែចៃដន្យបាក់ឈើ បណ្តាលឲ្យធ្លាក់ត្រូវខ្សែទឹកហូរកួចគួរឲ្យអាសូរបំផុត។
តាមរយៈវីដេអូ គេបានឃើញបុរសរងគ្រោះ បានកំពុងនៅលើផ្ទាំងថ្មមួយកណ្តាលលំហូរខ្សែ ហើយនៅពេលនោះ ពូកជាសន្តិសុខម្នាក់ក៏បានយកឈើប្រវែងជិត៤ម៉ែត្រ ដាក់ឲ្យបុរសនោះឆ្លង ប៉ុន្តែ ជាអកុសល ខណៈបុរសនោះបោះជំហានបានពាក់កណ្តាល ក៏ស្រាប់តែបាក់ឈើធ្លាក់ចុះត្រូវខ្សែដែលកំពុងហូរខ្លាំងគួចយកទៅតែម្តង។
នៅពេលនោះ បុរសរងគ្រោះនោះត្រូវបានខំប្រឹងប្រវេប្រវ៉ានៅក្នុងទឹកដែលកំពុងហូរខ្លាំង ដែលឃើញហើយពិតជារន្ធត់ខ្លាំងណាស់ ។ ប៉ុន្តែ សំណាងណាស់ បុរសរូបនេះត្រូវបានផ្ទាំងមួយពាំងជាប់ ហើយក៏ត្រូវបានគេជួយសង្គ្រោះឡើងលើគោកដោយសុវត្ថិភាព។
បើតាមការបញ្ជាក់ពីស្រីស្អាតម្ចាស់គណនីខាងលើ នោះហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់ទេសចរណ៍មួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ។ នាងបានបញ្ជាក់ថា នៅមុនពេលកើតហេតុនេះមួយថ្ងៃ គឺថ្ងៃទី១៣ ខែមិថុនា នោះកន្លែងដែលបុរសរងគ្រោះជាប់គាំង គឺអត់មានទឹកដល់ថ្នាក់ហ្នឹងទេ ប៉ុន្តែ នៅថ្ងៃកើតហេតុ ជំនន់ទឹកភ្លើងបានកើនឡើងយ៉ាងលឿនក្នុងមួយប៉ព្រិចគួរឲ្យខ្លាចបំផុត ដែលធ្វើឲ្យរូបនាង និងក្រុមការងារព្រលឹងចុងសក់ ខណៈឈានជើងបានមួយជំហាន ស្រាប់តែទឹកហូរមកយ៉ាងគំហុកតែម្តង។
ទន្ទឹមនេះផងដែរ គេក៏បានណែនាំដល់អ្នកដទៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈទៅលេងតាមតំបន់ទឹកជ្រោះ ព្រោះថានេះជារដូវវស្សា ដែលអាចបង្កហានិភ័យគ្រោះថ្នាក់ជាយថាហេតុ៕
ដោយ៖ លឹម ហុង