ខេត្តព្រះសីហនុ៖ យុវជនម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងព្រះសីហនុ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីសង្ស័យរូបនេះថា បានប្រើអំពើហិង្សា ដែលមានស្ថានទម្ងន់ទោស នៅម៉ោងជាង ៩ ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផៃ តុលា ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកអាហារដ្ឋានអ៉ីនវីតូ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ។ ជនសង្ស័យរូបនេះ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ង៉ែត វណ្ណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋានអ៉ីនវីតូ ដូចគ្នា មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុ ត្រូវរងរបួសចំនួន ៣កន្លែង គឺរបួសចំសៀតផ្កាខាងស្ដាំ ១កន្លែង របួសចំថ្ងាស ១កន្លែង និងរបួសចំក្បាល ១កន្លែង មូលហេតុដោយសារខឹងពេលមកបើកប្រាក់ខែមិនទាន់បាន។
វត្ថុតាងដែលកងរាជអាវុធហត្ថប្រមូលបានរួមមាន៖ កាំបិតបុ័ងតោចំនួន ១។ ទួរស័ព្ទដៃចំនួន ១គ្រឿង និង ម៉ូតូចំនួន ១គ្រឿង ម៉ាក TODAY ។
បច្ចុប្បន្នជនបង្ករបួសស្នាម ខាងលើត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌ បញ្ជាការដ្ឋានរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់៕ ដែន សីមា