ភ្នំពេញ៖ តារាកំប្លែងនាយ ពាក់មី បានចេញវីដេអូទាំងយប់ (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០) បន្ទាប់ពីលោកមានការហួសចិត្តខ្លាំងបំផុត ចំពោះជនខិលខូចមួយ ដែលបានយកឈ្មោះលោកទៅបង្កើតផេកក្លែងក្លាយ ហើយយកវីដេអូចាស់ដែលលោកចាប់រង្វាន់តាំងពីឆ្នាំទៅ មក Live ឡើងវិញ ដោយដាក់ Caption ថាចាប់រង្វាន់ ៩០០ ដុល្លារ ធ្វើឲ្យបងប្អូនមហាជនមានការយល់ច្រឡំមកលើរូបលោក។
លោកក៏បានបញ្ជាក់ថា ផេកហ្វេសបុកពិតប្រាកដរបស់លោកមានតែមួយទេ គឺមានអក្សរអង់គ្លេសផង និងខ្មែរផង៖ “Chem Chanra ចែម ចាន់រ៉ា” ដែលមានអ្នក Like រហូតជាង១លាននាក់។
ជាមួយគ្នានេះផងដែរ លោកក៏បានផ្តាំផ្ញើទៅដល់ជនខិលខូចនោះដែលបន្លំបង្កើតផេកដាក់ឈ្មោះលោក សូមអាសូរទ្រូងម្ចាស់គេផង និងប្រើខួរក្បាលមកពិចារណាផង កុំដើម្បីចង់កេងចំណេញ យកយកវីដេអូចាស់គេមក Live ដាក់ថាចាប់រង្វាន់លុយ ៩០០ ដុល្លារ ដែលធ្វើឲ្យបងប្អូនដែលអត់ដឹង ជេរប្រទេចមកលើរូបលោកងាប់។ ហេតុនេះ លោកក៏សំណូមពរដល់បងប្អូនកុំមានការយល់ច្រឡំ និងចាញ់បោកចំពោះផេកក្លែងក្លាយនេះឲ្យសោះ៕
ដោយ៖ លឹម ហុង