Peng Xiao Ying អាយុ ៤៥ ឆ្នាំ និងប្តីរបស់នាងឈ្មោះ Fan De Duo អាយុ ៤៩ ឆ្នាំ គឺជាកសិករមកពី Rui An ខេត្ត Zhejiang ប្រទេសចិន។ ថ្មីៗនេះ ពួកគេបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើលើបណ្តាញសង្គម សម្រាប់ការរាំរបាំដែលពួកគេបានបង្កើតឡើង។
ប្តីប្រពន្ធនេះបានបង្ហោះវីដេអូរាំរបស់ពួកគេនៅលើវេទិកាចែករំលែកវីដេអូដ៏ល្បីល្បាញ DouYin ដែលជាដៃគូរបស់ Tiktok ខណៈពេលដែលការប្រយុទ្ធប្រឆាំងទៅនឹង Covid-19 កំពុងបន្តនៅក្នុងប្រទេសចិន។ ស្ទីលរបាំគួរឱ្យស្រឡាញ់ និងគួរឱ្យអស់សំណើចរបស់ពួកគេ បាននាំមកនូវសេចក្តីរីករាយ និងសុភមង្គលដល់មនុស្សរាប់លាននាក់ ជាពិសេសប្រជាជននៅប្រទេសចិន ហើយចាប់តាំងពីពេលនោះមក បានទាក់ទាញអ្នក Subcribe ជាង ១.៦ លាននាក់។
ចាប់តាំងពីការរាំនៅមុខកសិដ្ឋានរបស់ពួកគេ រហូតដល់រាំតាមវាលស្មៅជាមួយសត្វគោ និងពពែ ជុំវិញ នោះទីតាំងជាច្រើននៅជនបទជនបទ បានក្លាយជាឆាកសំដែងរបស់ពួកគេ។
Peng បាននិយាយថា៖ «រាល់ពេលដែលយើងធ្លាក់ចុះការសម្តែងរាំតែងតែជួយលើកទឹកចិត្ត និងធ្វើឱ្យអារម្មណ៍របស់យើងធូរស្រាល។ វាគឺជាការជំរុញយ៉ាងខ្លាំងនៅក្នុងជីវិតរបស់យើង។» ។
តាមពិតទៅ គឺមានរឿងតូចចិត្តមួយនៅពីក្រោយស្នាមញញឹមដ៏រីករាយរបស់ពួកគេ នោះគឺ៖
ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ប្តីរបស់នាងលោក Fan បានធ្លាក់ទឹកចិត្តដ៏រ៉ាំរ៉ៃ។ ការធ្លាក់ទឹកចិត្តនេះឯង បានធ្វើឱ្យគាត់ងាយភ័យ និងឆាប់ខឹង ក៏ដូចជាធ្វើឱ្យគាត់គេងមិនលក់ផងដែរ។ បន្ទាប់មក ប្តីប្រពន្ធមួយគូនេះបានសម្រេចចិត្តបិទអាជីវកម្មរបស់ពួកគេនៅ Yun Nan ហើយវិលត្រឡប់ទៅកាន់ Rui An ក្នុងខេត្ត Zhejiang វិញ។
ដើម្បីលើកកម្ពស់ផ្លូវអារម្មណ៍របស់ស្វាមី Peng បានសំរេចចិត្តស្នើសុំឱ្យគាត់ចូលរួមរាំជាមួយនាង ព្រោះថានាងក៏ធ្លាប់ជាអ្នកគាំទ្រដ៏ធំនៃការរាំការ៉េ (square dancing)។
បន្ទាប់ពីនោះ ជំងឺធ្លាក់ទឹកចិត្តរបស់គាត់ ក៏ត្រូវបានព្យាបាល ហើយគាត់ចាប់ផ្តើមងប់ងល់នឹងការរាំជាមួយភរិយារបស់គាត់តាំងពីពេលនោះមក។ ជាមួយនឹងលទ្ធផលដ៏មិននឹកស្មាននេះ Fan បាននិយាយថា “របាំបានព្យាបាលខ្ញុំ” ។
Peng និង Fan មានបំណងនាំមកនូវថាមពលវិជ្ជមានដល់ប្រជាជនទាំងអស់។ នាងមិនដែលចាកចោលប្តីរបស់នាងឡើយ បើទោះបីជាគាត់មានជំងឺធ្លាក់ទឹកចិត្ត ដូចដែលពាក្យចិននិយាយថា “ប្រសិនបើអ្នកមិនបោះបង់ចោលខ្ញុំទេ ខ្ញុំក៏នឹងមិនទុកអ្នកចោលរហូតពេញមួយជីវិត” ។ ទំនាក់ទំនងរបស់ពួកគេ គឺគួរឱ្យកោតសរសើរចំពោះមនុស្សជាច្រើន៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)