នេះជាហេតុការណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅធនាគារមួយកន្លែងនៅ Perumbavoor ប្រទេសឥណ្ឌា ទីកន្លែងដែលស្ត្រីម្នាក់អាយុ ៤៣ ឆ្នាំ បានរត់បុកទ្វារកញ្ចក់ និងបណ្តាលឲ្យបែកបង្កគ្រោះថ្នាក់ឡើងដ៏មិននឹកស្មាន។
សារព័ត៌មាន Times of India បានរាយការណ៍ថា ស្ត្រីឈ្មោះ Beena បានរត់យ៉ាងប្រញាប់ចេញពីក្នុងធនាគារ ដើម្បីយកកូនសោរពីរថយន្តរបស់នាង ប៉ុន្តែ នាងស្រាប់តែបានបុកនឹងកញ្ចក់ទ្វារ បណ្តាលឲ្យកញ្ចក់ធ្លាក់ត្រូវក្បាលរងរបួសធ្ងន់ធ្ងរតែម្តង។
ប៉ូលីសក្នុងតំបន់បានប្រមូលយករូបភាពពីវីដេអូកាមេរ៉ាសុវត្ថិភាព ហើយបានឃើញពីខណៈពេលដែលជនរងគ្រោះ បានរត់បុកទ្វារ ហើយកញ្ចក់ក៏បានធ្លាក់បែកខ្ញែកទៅលើដី គ្របដណ្តប់លើនាងតែម្តង។ Beena ភ្លាមៗនោះ ក្រោកឈរ និងរន្ធត់ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះខ្លួន។
នៅក្នុងវីដេអូ គេបានឃើញអតិថិជនម្នាក់ក្នុងចំណោម២នាក់ ដែលកំពុងអង្គុយនៅកៅអីរង់ចាំ បានភ័យតក់ស្លុតយ៉ាងខ្លាំង នៅពេលស្ត្រីនោះបានបុកនឹងទ្វារកញ្ចប់។ ទោះយ៉ាងណា ភ្លាមៗនោះផងដែរ គេក៏បានឃើញមនុស្សជាច្រើននៅក្នុងធនាគារ បានក្រោកឡើងស្ទុះទៅជួយ និងគ្រានាងឲ្យអង្គុយលើកៅអី ហើយបន្ទាប់មក បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់។
ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលមនុស្សម្នាជាច្រើននៅខាងក្រៅ ចូលមកជួយផងដែរ ។ នៅពេលនោះ ដោយមើលឃើញថា ជនរងគ្រោះកំពុងហូរឈាមយ៉ាងច្រើននៅលើកម្រាល ពួកគេក៏បានយកក្រណាត់មករុំនាង ខណៈរង់ចាំរថយន្តសង្គ្រោះមកដល់។
ជាអកុសកល ដោយសារតែរបួសធ្ងន់ធ្ងរ ហើយឈាមហូរខ្លាំងពេក ទីបំផុត នាងក៏បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។
ជុំវិញករណីនេះផងដែរ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានលើកឡើងថា ធនាគារមិនបានគោរពតាមវិធានការសុវត្ថិភាព ដោយប្រើទ្វារកញ្ចក់ដែលមានតម្លៃថោក ដែលជាមូលហេតុធ្វើឱ្យងាយបែកបង្កគ្រោះថ្នាក់បែបនេះ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)