ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ល្បែងស៊ីសងពិសេសបៀរ «ស៊ីគូថៃ ឬ ស៊ីគូទឹក» នេះបានក្លាយជាប្រពៃណីទៅហើយ សម្រាប់ស្ត្រីនៅផ្ទះអត់ការងារធ្វើមួយចំនួនធំ មិនថានៅតាមស្រុកស្រែជនបទ ឬ នៅទីក្រុងនោះទេ។
ជាក់ស្តែង រូបភាពមួយសន្លឹកត្រូវបានគេបង្ហោះឡើង បង្ហាញស្ត្រីចាស់ក្មេងមួយហ្វូង ព័ទ្ធវង់លេងបៀរស៊ីគូទឹក នៅខាងមុខផ្ទះយ៉ាងគគ្រឹកគគ្រេង បើទោះជាដឹងថា ការលេងល្បែងនេះជាការខុសច្បាប់ដែលសមត្ថកិច្ចបង្ក្រាបជារឿយៗយ៉ាងណាក៏ដោយ។
ទាក់ទងនឹងល្បែងស៊ីគូថៃ ពីសំណាក់ស្ត្រីៗលេងភ្លេចបាយភ្លេចទឹកនេះផងដែរ នាំឲ្យគេបានលើកឡើងថា៖ «ភាគច្រើនបើប្រពន្ធមិនកើត ច្រើនតែប្ដីខំប្រឹង តែបើបានប្រពន្ធខំ បែរជាប្ដីច្រើនតែក្បត់ អត់យល់ទេមនុស្សលោក» ។ រីឯអ្នកខ្លះទៀត លើកឡើងថា៖ «មនុស្សប្រុសបើដំណើជីវិតគូជួបប្រពន្ធបែបហ្នឹង បានដឹងថាលើលោកនេះវាអាប់អួរប៉ុណ្ណា លោកខ្លាំងរកលុយយ៉ាងណាក៏មិនសល់ដែរ បើគគ្រឹកគគ្រេងយ៉ាងនេះនោះ!!»។
ត្រូវចងចាំថា ល្បែងស៊ីសងគ្រប់ប្រភេទ គឺពុំធ្វើឲ្យគ្រួសារណាដែលប្រព្រឹត្តចម្រុងចម្រើននោះទេ តែផ្ទុយទៅវិញ គឺបានត្រឹមវិនាសហិនហោចប៉ុណ្ណោះឯង៕ ដោយ៖ លឹម ហុង