ភ្នំពេញ៖ ដូចដែលបងប្អូនប្រិយមិត្តបានដឹងរួចហើយ កាលពីម្សិលមិញនេះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តារាសិល្បៈពហុជំនាញអ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ព្រោះតែលោកឪពុកជាទីស្រឡាញ់របស់ខ្លួន លោកតា លាវ ខាត់ បានទទួលមរណភាពដោយសារជំងឺ មិនឲ្យកូនចៅលំបាកឡើយ ព្រោះគាត់សម្រាន្ដទៅយ៉ាងស្រួល ដែលលុះដល់ពេលព្រឹកឡើង ទើបកូនចៅដឹងថាគាត់ស្លាប់ទៅហើយ។
ទន្ទឹមនោះផងដែរ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះសារមួយឃ្លាយ៉ាងក្រៀមក្រំដូច្នេះថា៖ «ទីបំផុតកូនទាំង៩ លែងមានឪពុកហៅហើយ លាហើយពុកដ៏មហិមារបស់កូនអើយ អរគុណបងប្អូន (ពុកខ្ញុំឈ្មោះ លាវ ខាត់ អស់ព្រះជននៅជន្មាយុ ៦៧វស្សាដោយ រោគគាពាធ) សូមបងប្អូនកុំប្រកាន់ គ្រួសារខ្ញុំអី មិនបានឆ្លើយតបទេ សពតម្កល់នៅ គេហដ្ឋានរបស់ពុក ខាត់ នៅភូមិព្រៃពង្រ សង្កាត់ ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កុំខឹងអីបងប្អូនអើយ»។
ដោយឡែក នៅព្រឹកមិញនេះ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងអំឡុងនៃពិធីបុណ្យសពឪពុករបស់ខ្លួន អ្នកនាង ខាត់ សុឃីម ដោយនឹកឃើញដល់លោកឪពុកចូលចិត្តបទភ្លេងប្រពៃណីខ្មែរ បាននាំប្អូនៗលេងភ្លេងច្រៀងជូនដំណើរលោកឪពុករបស់ខ្លួន ជាលើកចុងក្រោយ ក្រោមទិដ្ឋភាពសំឡេងស្រែកទ្រហ៊ោយំ ដែលធ្វើឲ្យអ្នកចូលរួមក្នុងពិធីបុណ្យ និងមហាជនទស្សនាហើយ សឹងតែទប់ទឹកភ្នែកមិនជាប់។
ក្នុងនោះដែរ យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ Van MC បានបង្ហោះវីដេអូ និងសរសេរប្រាប់ឱ្យដឹងថា៖ «លេងភ្លេងខ្មែរជូនពុក បទដែលពុកចូលចិត្តបួនបទ Khat Nacha ខាត់ សុឃីម (Khat Sokhim) Khat Yay ខាត់ សួស្ដី ខាត់ សេរី ខាត់ចំរើន តន្ត្រីសម័យនិងបុរាណ ខាត់ សារុំភ្លេងខ្មែរ»៕
ដោយ៖ លឹម ហុង