ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ កាលពីព្រឹកម្សិលមិញនេះ វេលាម៉ោង ៧ និង ៤៥ នាទី ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ អតីតកំពូលកីឡាករប្រដាល់កម្ពុជា លោក អេ ភូថង បានជួបទុក្ខដ៏សែនក្រៀមក្រំជាទីបំផុតដូចទៅនឹងអ្នកនាង ខាត់ សុឃីម ផងដែរ ដោយសារតែអ្នកម្ដាយជាទីស្រឡាញ់របស់លោក បានទទួលមរណភាព ដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ នៅក្នុងវ័យ ៥៨ ឆ្នាំ។
តែយ៉ាងណា ទន្ទឹមនឹងទុក្ខដ៏ក្រៀមក្រំនេះ គេក៏បានឃើញបងប្អូនសប្បុរសជនជាច្រើន បានចូលរួមរំលែកទុក្ខគ្រួសារលោក អេ ភូថង តាមរយៈឧបត្ថម្ភនូវថវិកាទោះតិចក្តី ច្រើនក្តីទៅតាមសទ្ធា។ ក្នុងនោះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះផងដែរ អ្នកស្រី នឹម វណ្ណៈ រួមនិងស្វាមី ដែលត្រូវជាកូនបង្កើតលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានឧបត្ថម្ភថវិកាមួយចំនួន ក្នុងការជួយសម្រួលដល់ទុក្ខលំបាករបស់លោក អេ ភូថង ដើម្បីរៀបចំពិធីបុណ្យសពម្តាយ។
តាមគណនីហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា បានសរសេររៀបរាប់ឲ្យដឹងថា៖ «ហ៊ឺ អាណិតកីឡាករប្រដាល់ លោកអេ ភូថង ណាស់ ចង់ធ្វើបុណ្យ៧ថ្ងៃម្តាយ តែគ្មានលុយ ហើយត្រូវជំពាក់លុយគេជិត ៣.០០០ដុល្លារទៀត ដោយសារចំណាយលើពិធីបុណ្យសពម្តាយរបស់ខ្លួន។ ថ្ងៃនេះខ្ញុំបាទ អ៊ឹម ជីវ៉ា បាននាំយកថវិកាចំនួន 1.000.000( ១លានរៀល) ដែលជាថវិកាផ្ទាល់របស់ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន ស៊ីណាត និងជាទីប្រឹក្សានៃក្រុមមេធាវី HNS អេជ អេន អេស និងលោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល ចូលរួមពិធីបុណ្យស ព ម្តាយ លោក អេភូថង ដែលទួលមរណៈដោយសារជំងឺ មហារីក។
ក្នុងនោះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន ស៊ីណាត និងស្វាមីរួមនឹងក្រុមការងារ បានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព ផងដែរ។ សូមបញ្ជាក់ពិធីបុណ្យសព គឺត្រូវបូជា នៅវត្តឫស្សីសាញ់ វេលាម៉ោងមួយរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០»៕ ដោយ៖ លឹម ហុង