មេដឹកនាំបក្សប្រឆាំងរុស្សី ឈ្មោះ Alexei Navalny ត្រូវបានប៉ូលីសចាប់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងកំឡុងការតវ៉ាប្រឆាំងនឹងវិមានក្រែមឡាំង (Kremlin) ស្ថិតក្នុងទីក្រុងមូស្កូ។
ក្រោយពេលអាជ្ញាធរចាប់ខ្លួន លោកបានបង្ហោះសារនៅក្នុង Twitter របស់លោកថា “ខ្ញុំត្រូវបានគេឃុំខ្លួន ប៉ុន្តែនេះមិនមែនជាបញ្ហានោះទេ។ សូមចូលរួមតវ៉ានៅផ្លូវ Tverskaya។ អ្នកទាំងអស់គ្នាទៅទីនោះ មិនមែនដើម្បីខ្ញុំនោះទេ ប៉ុន្តែវាគឺសំរាប់អ្នក និងអនាគតរបស់អ្នកទាំងអស់គ្នា”។
លោក Alexei Navalny ត្រូវបានប៉ូលីសចាប់ក្រៀកចូលក្នុងឡានប៉ូលីស តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយពេលរូបលោកបានមកដល់ ទីលាន Pushkinskaya ដែលមានមនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នាតវ៉ា។
ប៉ូលីសទីក្រុងមូស្កូ បាននិយាយថា លោក Alexei Navalny ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលីស និងត្រូវចោទប្រកាន់ពីបទរៀបចំការតវ៉ាខុសច្បាប់។ ប្រសិនជាតុលាការរកឃើញថាមានកំហុស លោកនឹងត្រូវប្រឈមជាប់គុករយៈពេល ៣០ថ្ងៃ និងការផាកពិន័យ។
សូមបញ្ជាក់ថា មេដឹកនាំបក្សប្រឆាំង Alexei Navalny គឺជាអ្នករិះគន់ជាយូរមកហើយរបស់ប្រធានាធិបតី ពូទីន និងបានចោទប្រកាន់របបដឹកនាំលោក ពូទីនថា បង្កើតឡើងដោយសារអំពើពុករលួយ។
លោកបានស្នើឲ្យមានការតវ៉ាទូទាំងប្រទេស និងស្នើឲ្យអ្នកគាំទ្ររបស់លោកទាំងអស់ ឲ្យពហិការការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិនាខាងមុខ។
កាលពីពេលថ្មីៗនេះ លោកត្រូវបាន ហាមប្រាមមិនឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោតប្រធានាធិបតី៕ សុភ័ក្ត្រ