កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសអាហ្គានីស្ថានបានប្រកាសកាន់ទុក្ខរយៈពេល ១ថ្ងៃ ក្រោយពេលមានការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្ត បណ្តាលឲ្យមនុស្ស ១០៣ នាក់ស្លាប់ និង ២៣៥ នាក់ទៀតរងរបួស។
ក្រុមវាយប្រហារ បានបើកឡានពេទ្យដែលមានផ្ទុកគ្រឿងផ្ទុះឆ្លងកាត់តំបន់ត្រួតពិនិត្យ និងបានចុចបំផ្ទុះនៅលើដងផ្លូវដែលមានមនុស្សអ៊ូរអរ ស្ថិតក្នុងរដ្ឋធានីកាបុល កាលពីថ្ងៃសៅរ៍។
ក្រោយពេលវាយប្រហាររួច ក្រុមសកម្មប្រយុទ្ធតាលីបង់ បានចេញមុខអះអាងថា វាគឺជាទំនួសខុសត្រូវរបស់ពួកគេ។
ការវាយប្រហារដ៏អាក្រក់នេះ កើតឡើងតែមួយសប្តាហ៏ប៉ុណ្ណោះ ក្រោយពេលក្រុមនេះ បានវាយប្រហារលើសណ្ឋាគារមួយក្នុងរដ្ឋធានីកាបុលដដែល បណ្តាលឲ្យមនុស្ស ២២នាក់ស្លាប់។
តំបន់ដែលត្រូវក្រុមតាលីបង់វាយប្រហារគឺជាតំបន់ដែលមានអាគាររដ្ឋាភិបាល និងស្ថានទូតបរទេសច្រើន៕ សុភ័ក្ត្រ