រដ្ឋមន្ត្រីការបរទេសជប៉ុន Taro Kono បានស្នើឲ្យប្រទេសចិនបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
ការស្នើនេះធ្វើឡើងក្នុងកំឡុងកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិន Wang Yi កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងទីក្រុងប៉េកាំង ខណៈដែលប្រទេសគូប្រជែងទាំងពីរមានគោលបំណងបង្កើនទំនាក់ទំនង ដែលត្រូវញាំញីដោយសារបញ្ហាជម្លោះដែនកោះ និងសង្គ្រាម។
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសជប៉ុន បានអបអរចំពោះការរីកចំរើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានស្នើឲ្យភាគីចិនធ្វើកិច្ចការឲ្យច្រើនបន្ថែមទៀតដើម្បីទប់ស្កាត់បញ្ហាអាវុធរបស់កូរ៉េខាងជើង។
លោក Taro Kono ថ្លែងដូច្នេះថា “ខ្ញុំជឿជាក់ថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះការពិភាក្សាគ្នាមិនត្រឹមតែលើបញ្ហាទាក់ទំនងលើប្រទេស
របស់ពួកយើងនោះទេ ប៉ុន្តែវាគឺជាការពិភាក្សាពីជប៉ុន និងចិនក្នុងការឈរនៅជាមួយគ្នា ដើម្បីដោះស្រាយបញ្ហារបស់ពិភពលោក ជាពិសេសបញ្ហាកូរ៉េខាងជើង គឺជាបញ្ហាបន្ទាន់សំរាប់សហគមន៏អន្តរជាតទាំងមូល”។
ប្រទេសជប៉ុនក៏កំពុងជំរុញឲ្យមានកិច្ចប្រជុំកំពូលត្រីភាគី ដែលមានការចូលរួមពីមេដឹកនាំចិន និងកូរ៉េខាងត្បូង ដើម្បីពិភាក្សាគ្នាពីបញ្ហាតំបន់ រួមទាំងបញ្ហារបស់កូរ៉េខាងជើង៕ សុភ័ក្ត្រ