ថ្មីៗនេះ មានរឿងរ៉ាវដ៏ក្តៅគគុកមួយ បាននិងកំពុងបង្កការវែកញែករកខុសត្រូវ ផ្អើលពេញបណ្តាញសង្គមតែម្តង បន្ទាប់ពីគណនីហ្វេសប៊ុកលោក ឱក បូនី (Aok Bony) ដែលត្រូវជាឪពុកបង្កើតរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះសារក្នុងអត្ថន័យផ្តោតថា «កូនមិនស្គាល់ឪពុក» ដោយក្នុងនោះលោកបានសរសេរពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីដូច្នេះថា៖ «ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ» ។
យ៉ាងណាមិញ ក្រោយពេលបានឃើញរឿងនេះផ្ទុះឡើង ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញទស្សនៈមិនគាំទ្រការបង្ហោះសារក្នុងន័យ«កូនមិនស្គាល់ឪពុក» និងមនុស្សមួយចំនួនគាំទ្រឪពុកនាង ស្រាប់តែអ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា៖ «នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់បង្ហោះសារបែបនេះមែន នាងក៏ចង់ឲ្យទៅសួរលោកឪពុកវិញថា ហេតុអ្វីនៅសុខៗ បង្ហោះពាក្យចោទប្រកាន់នេះឡើង ដែលធ្វើឲ្យបងប្អូនមហាជនមានការយល់ច្រឡំមកលើរូបនាងជាខ្លាំង» ។
ក្នុងនោះ ក៏មានគណនីហ្វេសប៊ុកឈ្មោះ ChanTha Thron ដែលពុំអាចទទួលយកបានចំពោះសាររបស់លោក ឱក បូនី ក៏បានខមិនលើកឡើងយ៉ាងដូច្នេះថា៖ «លោកពូនិយាយបែបហ្នឹង ក៏មិនសមដែរ? បើជាឪពុកម្នាក់ ដែលផ្ដល់ភាពកក់ក្តៅឲ្យកូន ម្ល៉េះគាត់មិនធ្វើបែបនឹងទេ។ កូនៗគ្រប់គ្នាតែងចង់បានភាពកក់ក្តៅពីឪពុកម្ដាយ ចុះលោកពូមានស្គាល់អ្វីថាកក់ក្តៅដែរឬទេ បើចិត្តជាឪពុក ហេតុអ្វីនិយាយបែបនឹង គួរណាតែឃើញកូនមានក្ដីសុខហើយសប្បាយចិត្ត តែនេះបែបជានិយាយឲ្យកូនអ៊ីចឹងវិញ គិតថាជាឪពុកអ៊ីចឹងធ្វើបែបណា និយាយក៏បានតាមចិត្តមែន?»។
ទោះយ៉ាងណា យើងគ្រប់គ្នា ក៏មិនទាន់ដឹងច្បាស់ពីមូលហេតុ ឬ អាថ៌កំបាំង ស្ថិតនៅពីក្រោយរឿងនេះទេ ដែលសុខៗ ស្រាប់លោក ឱក បូនី បង្ហោះសារដ៏តូចចិត្តបែបនេះឡើង?៕
ដោយ៖ លឹម ហុង