នារីម្នាក់នៅសុខៗ ស្រាប់តែបានបញ្ចេញរឿងរ៉ាវដែលខ្លួនបានជួបផ្ទាល់ ពេលគេងនៅក្នុងបន្ទប់ម្នាក់ឯង នៅផ្ទះជួលមួយកន្លែងនៅម្តុំទួលទំពូង ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ព្រឺសម្បុរក្បាលខ្ញាកតែម្តង ជាពិសេសអ្នករស់នៅបន្ទប់ម្នាក់ឯង ដឹងតែ….។ ទោះយ៉ាងណា យើងមិនដឹងថា ការលើកឡើងបែបនេះរបស់នាង គឺគ្រាន់តែជាអារម្មណ៍នៃការចេះតែគិតរវើររវាយរបស់នាង ឬ យ៉ាងណានោះទេ ខណៈនាងក៏បានបង្ហាញភស្តុតាងជាវីដេអូផងដែរ។ ហើយរឿងនេះផងដែរ នាងក៏បានលើកហេតុផល ទៅលើជំនៀងផ្ទះ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Pim Fa បានធ្វើការចែករំលែកបទពិសោធន៍ នៃដំណើររឿងហេតុដ៏ព្រឺសក់ក្បាលនេះ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ផ្តាំដល់អ្នកដែលរស់នៅម្នាក់ៗឯង .. ទិញជំនៀងផ្ទះដាក់ផងកុំឲ្យដូចខ្ញុំណា… មិនមែនលើកទីមួយទេនេះសន្សំវីដីអូទុកជាង2ខែហើយ.. នៅអាពីមុនៗទៀតតែមិនបានថតទុក .. លើកទីមួយ .. ពេលគេងមានអារម្មណ៍ថាមានគេមើលមក
លើកទីពីរ .. បងមកលេង គាត់អង្គុយញាំបាយនៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយខ្ញុំនៅក្នុងបន្ទប់ទឹក ហើយក៏លឺមាត់គាត់និយាយតែឯងឡើងយូរ (ក្នុងចិត្តគិតថាគាត់និយាយទូរស័ព្ទ) តែពេលចេញមកគាត់ក៏ភ្ញាក់ហើយថា ស្មានតែនៅហាលខោអាវខាងក្រៅ ព្រោះឃើញដូចឈរនៅក្រៅគាត់ខំតែនិយាយជាមួយ លើកទីបី … កំពុងនិយាយទូរស័ព្ទស្រាប់តែវាំងននវាបើកខ្លួនឯង ហើយក៏ប្រាប់អ្នកក្នុងទូរស័ព្ទទៀតពេលនុង .. ប្រហែលបាន3នាទីក៏ទាញបិទខ្លួនឯង។
លើកទីបួន … ម៉ោងជិត3ងើបចូលបន្ទប់ទឹកដើរជាន់ឈាមតែអត់ដឹងព្រោះបិទភ្លើង ពេលចេញពីបន្ទប់ទឹកស្រាប់តែឃើញឈាមហើយក៏បើកភ្លើងមើលពេញបន្ទប់សុទតែឈាម (កាលនុងអត់បានថតព្រោះហៅសន្តិសុខមកមើល) ឆែកកាមេរ៉ាគ្មានអីទាំងអស់ គេក៏សន្មតថាឈាមឆ្មា (គេមិនឲ្យចិញ្ចឹមសត្វតែមានឆ្មាមួយក្បាលមិនដឹងមកពីណាអាណិតពេកក៏តែងដាក់ចំណីឲ្យវា តែច្បាស់ខ្លួនឯងថាមិនដែលឲ្យវាចូលផ្ទះទេព្រោះមិនមែនចិញ្ចឹមខ្លួនឯងមិនដឹងថាវាចាក់វ៉ាក់សាំងហើយឬនៅ) ពេលគេនិយាយថាឈាមវាក៏មិនមាត់អីដែរទៅសៀមរាបវិញ មួយរយៈខ្លីព្រោះគេថាគេធ្វើពិធីសែនឲ្យលើកទីប្រាំ… ឈាមនៅនឹងកន្លែងលាងចានគ្មានបានធ្វើម្ហូបអីសោះ បើថាបានទិញសាច់ស្រស់មកធ្វើមិនថាទេអានេះអត់សោះលើកទីប្រាំមួយ … មិញៗនឹងថាចូលលាងមុខម៉ែហើយនៅស្រស់ៗចង់ក្អួត។
សរុបមកឡើងលែងខ្លាចហើយចង់ខឹងវិញដែលមករបៀបគគ្រិចៗចឹង ..អ្នកដឹងរឿងពីមុនៗឲដូរបន្ទប់គ្រប់គ្នាតែនៅចចេសនៅតែមិនទិញជំនៀងផ្ទះដាក់ … កុំរឹងអីកុំដូចញុំអីនេះមិនមែនម្ដងទេអ្នកដឹងបានដឹង អូភ្លេចប្រាប់ថាមិញវាឆ្ងាញ់ត្រង់ភ្លើងវាផ្លឹបផ្លែតៗទៀត (ដូចក្នុងវីដេអូ)»។
ទន្ទឹមនេះផងដែរ មនុស្សជាច្រើនក៏បានណែនាំឲ្យនាង ឈប់នៅទីនោះទៀតទៅ គួរតែប្តូរបន្ទប់ថ្មី។ រីឯខ្លះទៀតថា ឲ្យសូត្រមន្តរំដោះគ្រោះម្តងទៅ ឬ ឧស្សាហ៍អុជធូប សែនឲ្យគេទៅ…។ ទោះយ៉ាងណា ជឿ ឬមិនជឿ គឺជាការយល់ឃើញរបស់បងប្អូនប៉ុណ្ណោះ៕
ដោយ៖ លឹម ហុង