ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានបានដឹង និងសង្វេកចិត្តរួចហើយ ចំពោះនារីវ័យក្មេងស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ah Jruy ត្រូវស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត បន្ទាប់ពីនាងជិះម៉ូតូជាមួយសង្សារ ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោងប្រហែល ១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣ កែងផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅក្នុងអំឡុងក្រោយហេតុការណ៍កើតឡើងផងដែរ គេក៏បានឃើញថា សង្សាររបស់នាងហាក់ពុំរងរបួសធ្ងន់ធ្ងរខ្លាំងនោះទេ ដោយរូបគេនៅមានស្មារតី ចុចទូស័ព្ទ អាចដើរបានធម្មតា និងសូម្បីដើរទៅលើម៉ូតូទៀតផង។
យ៉ាងណាមិញ ក្រោយពីបានឃើញវីដេអូគេបង្ហោះ បង្ហាញសកម្មភាពបុរសជាសង្សាររូបនេះ នៅអាចដើរបាន និងសូម្បីទៅលើកម៉ូតូ ប៉ុន្តែ បែរជាបង្ហាញកាយវិការហាក់ខ្លាំង ចង្អុលសារព័ត៌មានមិនឲ្យថត ខណៈដើរចូលទៅក្នុងរថយន្តសង្គ្រោះ បានធ្វើឲ្យមនុស្សជាច្រើនរិះគន់ ដោយក្នុងនោះ មានការលើកឡើងថា៖ «សង្សារស្លាប់មួយទាំងមូលបែរជាទៅលើកម៉ូតូ ! ហាមគេកុំថត តើមុខមាត់ហ្នឹងសំខាន់ជាងជិវិតសង្សារទៀតឬ?», «ឃើញអ្នកសារព័ត៌មានឡាយ ក៏ហួសចិត្តនឹងបុរសហ្នឹងណាស់ ងើបឡើងដើមករកតែម៉ូតូរហូត អត់មានទៅមើលសង្សារខ្លួនដែលស្លាប់សោះ ទម្រាំបានធ្វើប្ដីប្រពន្ធវេទនាជាងហ្នឹងទៅទៀតមើលទៅ បើខាងប្រុសចរិតបានចឹង» ។ អ្នកខ្លះទៀតថា «បើថាដើរមិនរួចដេកមួយកន្លែងកម្រើកខ្លួនមិនបានមិនតូចចិត្តសូម្បីបន្តិច តែនេះដើរបាននៅដឹងម៉ូតូដួលបាន ន័យថានៅមានសតិនៅឡើយ តែគ្មានទឹកចិត្តអាឡោះអាល័យ»។ រីឯខ្លះទៀត ព្រោះតែមើលទៅឆ្អែតចិត្តពេក ក៏ដាក់មួយម៉ាត់ធ្ងន់ថា៖ «បើកម៉ូតូភ្លើរបណ្តាលឲ្យស្លាប់កូនគេហើយ នៅមិនអើពើនឹងគេទៀត អាសូរតែខ្លួនឯងសង្ហារទៅមិនថាទេ»។
ជាការពិតណាស់ យុវជនសម័យនេះ គេតែងតែសង្កេតឃើញជិះម៉ូតូលឿនៗណាស់ ដោយបើកវ៉ាជែង គ្មានខ្លាចគ្រោះថ្នាក់សោះឡើយ ។ តែក្នុងករណីនេះ យើងក៏មិនអាចស្តីបន្ទោសទៅលើភាគីណានោះទេ ព្រោះហេតុការណ៍នេះ ពុំត្រូវបានឃើញច្បាស់ទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា យុវតីដែលបានស្លាប់មានឈ្មោះ គ្រី សុដាឡែន (គណនីហ្វេសប៊ុក Ah Jruy) អាយុ ១៨ ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យទួលទំពូង ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅ ខេត្តបាត់ដំបង។ ចំណែកសង្សាររបស់នាងរងរបួសយ៉ាងដំណំមានឈ្មោះ ទៀប គឹមហេង អាយុ ២០ ឆ្នាំ ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 ៕
ដោយ៖ លឹម ហុង