ភ្នំពេញ៖នៅរសៀលថ្ងៃស្អែកទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។
វិមានដ៏ធំស្កឹមស្កៃនេះគឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេសដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។
អរគុណសន្តិភាព និង អរគុណសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមក្នុងការកសាងប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។
ថ្ងៃនេះ ជាឆ្នាំទី៦៩ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ហើយជាពេលវេលាដែលប្រជាជនកម្ពុជាតែងតែនឹករលឹកដល់ការលះបង់ ការតស៊ូប្តូរផ្តាច់នៃឥស្សរជន ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលបានបូជា សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍។ ជាបន្តបន្ទាប់ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាបានខិតខំបន្តកសាងសន្តិភាព ស្ថិរភាពនយោបាយ ពីបាតដៃទទេ ឈានទៅអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនមកដល់សព្វថ្ងៃ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានរួមសុខទុក្ខជាមួយប្រជាជន។
“គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន” ។
អបអរសាទរខួបលើកទី៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ – ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០)៕
ដោយ៖កូឡាប