រឿងរ៉ាវឪពុកកូនរវាងលោក ឱក បូនី និងអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង ចំពោះពាក្យផ្តើមចេញពីលោក ឱក បូនី ដែលជាឪពុកបង្កើត សុខៗស្រាប់តែបង្ហោះសារឈឺចាប់ចោទឡើងផ្តោតទៅលើអ្នកនាង សុគន្ធកញ្ញា ថា «ជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ» កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
ទោះយ៉ាងណា អ្នកនាង ឱក សុគន្ធកញ្ញា ហាក់ពុំបានបញ្ចេញប្រតិកម្មតបតនាំឲ្យកើតរឿងវែងនោះទេ ដោយអ្នកនាងគ្រាន់តែមានការហួសចិត្ត និងបានបញ្ជាក់ប្រាប់សារព័ត៌មានដែលបានសួរនាំថា៖ «នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់បង្ហោះសារបែបនេះមែន នាងក៏ចង់ឲ្យទៅសួរលោកឪពុកវិញថា ហេតុអ្វីនៅសុខៗ បង្ហោះពាក្យចោទប្រកាន់នេះឡើង ដែលធ្វើឲ្យបងប្អូនមហាជនមានការយល់ច្រឡំមកលើរូបនាងជាខ្លាំង» ។
យ៉ាងណាមិញ ក្រោយឃើញរឿងរ៉ាវនេះផ្ទុះឡើង ក៏មានមតិជាច្រើនហាក់ពុំពេញចិត្តនឹងសាររបស់លោក ឱក បូនី ដែលមិនគួរនិយាយរឿងបែបនេះនោះទេ ដោយក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ ChanTha Thron បានលើកឡើងយ៉ាងដូច្នេះថា៖ «លោកពូនិយាយបែបហ្នឹង ក៏មិនសមដែរ? បើជាឪពុកម្នាក់ ដែលផ្ដល់ភាពកក់ក្តៅឲ្យកូន ម្ល៉េះគាត់មិនធ្វើបែបនឹងទេ។ កូនៗគ្រប់គ្នាតែងចង់បានភាពកក់ក្តៅពីឪពុកម្ដាយ ចុះលោកពូមានស្គាល់អ្វីថាកក់ក្តៅដែរឬទេ បើចិត្តជាឪពុក ហេតុអ្វីនិយាយបែបនឹង គួរណាតែឃើញកូនមានក្ដីសុខហើយសប្បាយចិត្ត តែនេះបែបជានិយាយឲ្យកូនអ៊ីចឹងវិញ គិតថាជាឪពុកអ៊ីចឹងធ្វើបែបណា និយាយក៏បានតាមចិត្តមែន?»។ ដោយឡែក គណនីហ្វេសប៊ុក Chhorvy ក៏បានលើកឡើងបែបនេះដែរថា៖ «លោកពូមិនឆ្ងល់ទេឬ? ហេតុអ្វីគាត់ធ្វើល្អជាមួយអ្នកគ្រប់គ្នា លើកលែងតែលោកពូ។ តើលោកពូពិតជាបានបំពេញកត្វកិច្ចជាឪពុកចំពោះកូនហើយឬ? អូ ទេ! ព្រោះសូម្បីតែជួយការពារកិតត្តិយសកូនក៏ពូធ្វើមិនបានផង។ post បែបនេះគឺធ្វើអោយកូនមានរឿងអាស្រូវហើយ។ ណ្ហើយ! បងកញ្ញាគាត់ធ្វើត្រូវហើយ ព្រោះឪពុកដូចជាលោកពូ គឺបែបនេះ ខុសពីឪពុកគេដទៃដេលប្រឹងការពារតម្លៃកូន» ។
តែយ៉ាងណា ខណៈអ្នកនាង ឱកសុគន្ធកញ្ញា នៅតែបង្ហាញការមិនតបតអ្វីនោះ ជាហេតុធ្វើឲ្យលោក ឱក បូនី បន្តបង្ហោះសារជាថ្មីមួយទៀត ដោយលោកបានលើកឡើងក្នុងចិត្តត្រជាក់ថា៖ «ទឹកចិត្តឪពុកមិនចង់បង្ខូចកិត្តិយសកូនទេ និងមិនចង់បានអ្វីពីកូនទេ តែមិនចង់ឱ្យកូនសាងបាបកាន់តែជ្រៅ»។
ជាមួយពាក្យលើកខាងលើខាងលើនេះ លោក ឱក បូនី ក៏បានឆ្លើយតបទៅនឹងអ្នកខមិនដែលហាក់ពុំពេញចិត្ត ដោយទម្លាយចេញរឿងជាច្រើនអំពីអ្នកនាងឱក សុគន្ធកញ្ញា «ជាកូនមិនស្គាល់ឪ» ពិសេសក្នុងថ្ងៃមង្គលការយ៉ាងដូច្នេះថា៖ «ឪមិនដែលចង់បានអ្វីពីកូនទេ តែកូនមិនដែលតេសួរសុខទុក្ខឪថាឪនៅណា? សុខទុក្ខយ៉ាងណា? ឈឺឬជា?», «ពេលប្រាប់ការដូចហៅជាភ្ញៀវមិនមែនអញ្ជើញជាឪទេ បើកុំតែឪខលទៅមិនបានប្រាប់ទេ ឪសុខចិត្តអត់ទៅចិន ដោយដឹងថាកូនការថ្ងៃនុង តែគេមិនបានអញ្ជើញឪមកចូលក្នុងកម្មវិធីផ្សេងៗដូចហុចផ្កាស្លា កាត់ខាន់ស្លាជាដើម វាមិនដឹងបាបដឹងបុណ្យទេ ទើបវាមានគំនិតបែបនេះ….»។
សរុបជារួមមក លោក ឱក បូនី បើទោះជាគេចោទឡើងថា មិនបានបំពេញកតព្វកិច្ចឪពុក ផ្តល់ភាពកក្តៅឲ្យកូនក៏ពិតមែន តែរូបលោកនៅពេលនេះ គឺគ្មានចង់បានអ្វីពីអ្នកនាង ឱក សុគន្ធកញ្ញា ទេ ដោយបំណងតែមួយគត់របស់លោក គឺការសួរសុខទុក្ខពីកូនតែបន្តិច អស់ចិត្តហើយ៕
ដោយ៖ លឹម ហុង