បាត់ដំបង៖ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់អភិបាលស្រុកគាស់ក្រឡស្តីទី ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេសករណីទំនាស់ដីធ្លី ដោយស្មារតីយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទី នៃគណៈអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
ពិធីនេះប្រារព្ធធ្វើនៅសាលាស្រុកគាស់ក្រឡ និងមានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកជាច្រើនផងដែរ។
នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកអភិបាលស្តីទី នៃគណៈអភិបាលស្រុកគាស់ក្រឡនាពេល ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក ញឹក សារ៉ែន ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយថែមទៀត រវាងថ្នាក់លើ និងថ្នាក់ក្រោម ជាមួយបណ្តាមន្ទីរ អង្គភាព ដៃគូរអភិវឌ្ឍពាក់ព័ន្ធនានា និងរដ្ឋបាលឃុំ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេសករណីទំនាស់ដីធ្លី ដោយស្មារតីយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាទំនាស់ដីធ្លីនោះទេ។
សូមជម្រាបជូនថាពិធីនេះបាន បញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបង និងប្រកាសតែងតាំងលោក ញឹក សារ៉ែន អតីតប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត សាលាខេត្ត ជាអភិបាលស្តីទី នៃគណៈអភិបាលស្រុកគាស់ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ដោយសារមិនអាចដោះស្រាយទំនាស់ដីធ្លីក៏រ៉ាំរ៉ៃ៕
ដោយ៖កូឡាប