ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី តាមប្រព័ន្ធវីដេអូ ស្តីពីជំងឺឆ្លងកូវីដ-១៩ ។
កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានប្រទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នាពេលបច្ចុប្បន្ន និងប្រទេសអូស្ដ្រាលី។
ឯកឧត្តម ប្រាក់ សុខុនបានថ្លែងថា ” នៅរសៀលនេះ ខ្ញុំបានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី ស្តីពីជម្ងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ (Video Conference)។ កិច្ចប្រជុំ បានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចសហការសង្គ្រោះបន្ទាន់លើផ្នែកសុខភាពសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដោយផ្ដោតលើវិស័យចំនួន៣ ដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍រួម ដែលជាអាទិ៍រួមមាន សន្តិសុខផ្នែកសុខភាព ស្ថិរភាព និងការស្ដារឡើងវិញផ្នែកសេដ្ឋកិច្ច ។ ខ្ញុំក៏បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលបានផ្ដល់នូវជំនួយថវិកា ដើម្បីពង្រឹងប្រព័ន្ធសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈ «គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាព (Health Equity and Quality Improvement Project – H-EQIP)» ក៏ដូចជាបានផ្ដល់នូវការគាំទ្រដោយផ្ទាល់ថែមទៀតដល់កម្ពុជា ខាងផ្នែកវេជ្ជសាស្ត្រ ដើម្បីឆ្លើយតបចំពោះជម្ងឺកូវីដ-១៩”។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្ដ្រាលី បានចាប់ផ្តើមចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តម្មានុវត្តន៍ អំពីវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបជំងឺរាតត្បាតជាសកល។ រដ្ឋមន្ត្រីការបរទេសទាំងអស់ ក៏ពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងបន្ថែមទៀតភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍រួមគ្នា ជាពិសេស កិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងគ្រោះអាសន្នសុខភាពសាធារណៈ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ផងដែរ។
កិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូនេះ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីសំខាន់មួយទៀតក្នុងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ប្រទេសអូស្ត្រាលី ដើម្បីរៀបចំទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ចំពេលវេលាដ៏លំបាក និងមមាញឹក ដោយសារតែបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕
ដោយ៖កូឡាប