ស្ទឹងត្រែង ៖ បងប្អូនខ្មែរឡាវរស់នៅខេត្តស្ទឹងត្រែង និយមចូលចិត្តម្ហូបឈ្មោះប៉ាខិម ឬក៏ត្រីប្រៃ នៅក្នុងរដូវធ្វើស្រែចម្ការ តែអ្នកទីក្រុងក៏បរិភោគបានដែរ គ្រាន់តែមានអ្នកខ្លះមិនចេះ។
អ្នកខេត្តស្ទឹងត្រែង និយមចូលចិត្តណាស់ ម្ហូបមួយប្រភេទនេះ ពិសេសនៅក្នុងខែមិថុនា និងខែកក្កដា ពេលត្រីពង។ ក្នុងរយៈពេល២ខែនេះជារៀងរាល់ឆ្នាំ គេតែងតែឃើញពលរដ្ឋនៅខេត្តស្ទឹងត្រែង ដាក់លក់ត្រី ប៉ាខិម ឬត្រីប្រៃ ព្រោង ព្រាតនៅតាមផ្សារ។ ដោយក្នុងមួយគីឡូចាប់ពី 25.000 រៀលទៅ 4 ម៉ឺនរៀល តាមប្រភេទត្រីល្អ។
អ្នកខេត្តស្ទឹងត្រែង រៀបរាប់ថា យូរលង់មកហើយឈ្មោះប៉ាខិម គឺជាភាសាឡាវហើយខ្មែរយើងហៅថាត្រីប្រៃ។ ត្រីប្រៃគេយកត្រីរៀលដែលមានពងក្នុងពោះក្នុងរដូវវស្សា ខែមិថុនា និងកក្កដា មកប្រឡាក់ច្របល់ជាមួយអំបិលប្រៃ ដោយមិនយកអាចម៍ និងស្រកាចេញឡើយ។
កាលពីមុនអ្នកនេសាទ បានប្រើទូកកាណូត និងច្រវាគាស់ព្រៃលិចទឹក ដើម្បីឲ្យត្រីលោតចូលក្នុងទូក នៅពេលយប់ស្ងាត់។ តែឥឡូវនេះគេប្រើសំណាញ់ឬមងវិញ ហើយត្រីរៀល ដែលនៅស្រស់ៗគេគ្រាន់តែលាងសម្អាត រួចប្រឡាក់ជាមួយអំបិល និងច្រកក្នុងធុងកានឬក្រឡតូចៗ។
សូមបញ្ជាក់ថា ត្រីដែលទុកយូរហើមអន់សាច់ មិនអាចយកទៅធ្វើបានទេ។ គឺយកតែត្រីរៀល នៅស្រស់តែប៉ុណ្ណោះ។
អ្នកខេត្តស្ទឹងត្រែង បានប្រាប់ពីវិធីធ្វើត្រីប៉ាខិម ឬត្រីប្រៃ បានឲ្យដឹងថា ដំបូងគេយកអំបិល មកបុកឲ្យម៉ដ្ឋរួចហើយយកត្រីមកវាល់ដាក់លាយនិងអំបិលក្នុងមួយចានកូម។ ត្រីត្រូវវាល់អំបិល ដាក់មួយគូទចាន ឬក្នុងដប់ចានត្រី យើងវាល់អំបិលដាក់ក្នុងដប់ចានដែរ ហើយច្របល់ត្រីឲ្យសព្វចូលគ្នា។
បន្ទាប់មកយកដាក់ក្នុងពាងធុងក្រឡ ហើយដាក់រំដេង ជាមួយគ្នាយ៉ាងតិច១មើមឬ ២មើមដើម្បីឱ្យកាត់ចំអាប។ ក្រោយពីទុកអស់រយៈពេល ១៥ថ្ងៃ ទើបយើងយកស្រូវមកលីងធ្វើលាច។ យកត្រីក្នុងពាងចាក់ចេញលាយ និងស្រូវលាចច្របល់ឲ្យសព្វ។ រួចដាក់ក្នុងពាងវិញទុកឲ្យបានមួយខែ ឬមួយខែកន្លះ ទើបអាចយកមកទទួលទានបាន។
អ្នកស្រុកស្រែចំការ ក្នុងខេត្តស្ទឹងត្រែង តែងយកព្រៃប៉ាខិម ឬត្រីប្រៃ ពីក្នុងពាងមកដាក់ស្ករអំបិលប៊ីចេងជី និងក្រូចឆ្មារបរិភោគជាមួយបាយក្តៅពេលចុះទៅភ្ជួររាស់ស្ទូងស្រូវឆ្ងាញ់ពិសា។ ត្រីដែលដាក់នៅក្នុងពាងអាចទុកបានពេញមួយឆ្នាំ។
អ្នកស្រុកស្រែចំការ ពេលអត់ម្ហូបតែងតែយកប៉ាខិម ឬត្រីប្រៃ មកទទួលទានកាត់បន្ថយការចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ៕ ដោយ ៖ សុខុម