រូបភាពជាច្រើនសន្លឹក ដែលបង្ហាញឲ្យឃើញដូចជាសត្វប្រចៀវដែលមានទំហំសឹងប៉ុនមនុស្ស ដែលទើបត្រូវបានចែករំលែកថ្មីៗនេះ នៅលើបណ្តាញសង្គម បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថា វាជារូបដែលដ៏កម្របានឃើញមុនមក។
នេះបើតាមអ្នកប្រើបណ្តាញសង្គម Twitter ឈ្មោះ @ AlexJoestar622 កាលពីដើមសប្តាហ៍នេះ បានបង្ហោះរូបភាពទាំងនេះ ដោយភ្ជាប់ជាមួយចំណងជើងថា៖ «ចាំទេ! ពេលខ្ញុំប្រាប់អ្នកថា ហ្វីលីពីនមានសត្វប្រចៀវមានទំហំប៉ុនមនុស្ស?» ។
ពិតមែនហើយ រូបសត្វប្រចៀវដ៏ធំនេះ បានក្លាយជាប្រធានបទនៃការពិភាក្សាយ៉ាងផុសផុល នៅលើអ៊ិនធឺណិតនាពេលកន្លងមក ដែលវាបានរីករាលដាលដំបូងនៅឆ្នាំ២០១៨ នៅលើវេបសាយ Reddit ។ ចាប់តាំងពីពេលនោះមក រូបភាពទាំងនេះក៏ត្រូវបានផ្សព្វផ្សាយឡើងវិញ ជាច្រើនលើក នៅលើវេទិកាផ្សេងៗ។
ដោយឡែក សម្រាប់ការបង្ហោះនាពេលថ្មីៗនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីម្តងទៀត ចំពោះសត្វដ៏អស្ចារ្យនេះដែលគេហៅថា សត្វកញ្ជ្រោងហោះដែលមានម្កុដមាសដ៏ធំ ដែលជាសត្វប្រចៀវមានដើមកំណើតនៅក្នុងប្រទេសហ្វីលីពីន។
វាក៏ត្រូវបានគេស្គាល់ផងដែរថា ជាសត្វប្រចៀវផ្លែឈើដែលមានពណ៌មាស ។ សត្វនេះជាកម្មសិទ្ធិរបស់ក្រុមគ្រួសារមួយ ដែលមានសត្វប្រចៀវធំៗជាងគេបំផុត នៅលើពិភពលោក។ ប្រចៀវមេហ្គា (Megabat) មានកំភួនដៃវែងបំផុត ក្នុងចំណោមប្រភេទសត្វដទៃ ដែលមានទំហំរហូតដល់ ៨,៥ អ៊ីញ ។ ស្លាបរបស់វាអាចលាតសន្ធឹង ១,៥ ទៅ ១,៧ ម៉ែត្រ ដែលល្មមអាចគ្របលើមនុស្សបាន។
ទោះយ៉ាងណា សត្វប្រចៀវគួរឱ្យរន្ធត់នេះ វាពិតជាគ្មានគ្រោះថ្នាក់អ្វីនោះទេ។ របបអាហាររបស់ពួកវាភាគច្រើន គឺជាផ្លែឈើ និងស្លឹករុក្ខជាតិ ប៉ុន្តែ ប្រភពអាហារចម្បងរបស់ពួកវាគឺផ្លែល្វា៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ nextshark)