ភ្នំពេញ៖ នៅថ្ងៃទី ៣ កក្កដា ២០២០ នេះ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជានិងបញ្ជាក់ច្បាស់ៗជូន រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។
ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋ បានកសាងលំនៅដ្ឋានរស់នៅ បង្កើតកូនចៅរាប់សិបឆ្នាំមកហើយ នៅលើទីតាំងដីទាំងនោះ។
នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំអោយពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះ នៅជិតៗដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។
ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយឲ្យដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើឲ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុត៕
ដោយ៖កូឡាប