ភ្នំពេញ៖ តាមការផ្សព្វផ្សាយក្នុងផេកហ្វេសប៊ុក សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី៥ ខែ កក្កដា ឆ្នាំ ២០២0 បានដឹងថា កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឲ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ។
សម្តេចតេជោ បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថា៖
១)ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្ទ្រានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាតជាដាច់ខាត។ កន្លងមក សម្តេចតេជោ បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចឲ្យទៅកាប់រុករានទន្ទ្រានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្ទ្រានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី១០ទៅ
២០ ក៏សម្តេចតេជោបានដឹងនឹងកំណត់អត្តសញ្ញាណនិងមុខសញ្ញារួចអស់ហើយដែរ។ បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តិមែននោះគឺនឹងត្រូវចាប់ខ្លួន។
២) ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឲ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួន ពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។
៣)ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកឱស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីដល់មន្ត្រី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ គណៈប្រតិភូចម្រុះ រួមមាន ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចុះដល់ទីតាំងដែលមានបញ្ហា និងចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
នៅក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លី លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោគដីខេត្ត លោកអភិបាលស្រុក មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួន ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពន្យល់អំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងនីតិវិធីក្នុងដំណើរការនៃចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំធ្វើការកាប់ទន្ទ្រានបន្តទៀត ដើម្បីទុកលទ្ធភាពឱ្យមន្ត្រីជំនាញធ្វើការវាស់វែងកំណត់អត្តសញ្ញាណកម្មក្បាលដីឱ្យបានច្បាស់ និងចំនួនគ្រួសារឱ្យបានច្បាស់លាស់ និងធ្វើការបិទផ្សាយ ដើម្បីបងប្អូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីនីមួយៗ ។
សូមជម្រាបជូនថាចំពោះគ្រួសារ ចំនួន ៤ គ្រួសារ ដែលរងការប្តឹងពីលោក សង ថន និងដីកាកោះហៅរបស់តុលាការ ត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ទទួលជួយការពារសិទ្ធិជូនប្រជាពលរដ្ឋដែលរងការបណ្តឹងផងដែរ។ ចំណែកលោកស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន៕ ដោយ៖កូឡាប