ភ្នំពេញ៖ ផ្ទះលក់កាហ្វេមួយកន្លែងត្រូវបាន អគ្គិភ័យឆាបឆេះម៉ត់ តែមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលក់កាហ្វេនៅម្តុំគល់ស្ពានស្ទឹងមានជ័យ នៅចំណុចផ្ទះ លេខ២០៨ ផ្លូវលេខ២៧១ ក្រុមទី៥២ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
លោកគីម កូលីដូ មេប៉ុស្តិ៍បឹងសាឡាងបានអោយដឹងថា នៅខណៈជិះម៉ូតូល្បាតតាមមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពក្នុងមូលដ្ឋានក៏បានឃើញអណ្តាតភ្លើងឆាបឆេះផ្ទះខាងលើ បង្កអោយមាបការភ្ញាក់ផ្អើលតែម្តង។ ភ្លាមៗនោះក្នុងនាមជាសមត្ថកិច្ច លោកបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ ហើយអគ្គិភ័យនេះបានរលត់នៅវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃដដែល ដោយប្រើប្រាស់ទឹកអស់ចំនួន២២ឡាន ដោយក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១៧គ្រឿង ( ប្រើអស់ ) , រថយន្តរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ៤គ្រឿង ( ប្រើអស់ ) និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា១គ្រឿងផងដែរ ។
សមត្ថកិច្ចបានបន្តថា ទីតាំងកើតហេតុខាងលើ គឺជាកម្មសិទ្ធិរបស់ឈ្មោះ អួន ឡែន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ បានជួលទៅឲ្យឈ្មោះ ស្រ៊ុន ម៉ែន ភេទប្រុស អាយុ៣៥ឆ្នាំ ដោយជួលទីតាំងនេះ ដើម្បីបើកអាជីវកម្មលក់កាហ្វេ ជាប្រភេទផ្ទះឈើប្រក់ ស័ង្កសី មានទំហំ ៥គុណ២០ម៉ែត្រ បានរងការឆេះខូចខាតទាំងស្រុងនិងបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់។ ប៉ុន្តែអគ្គីភ័យនេះមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។
ជុំវិញមូលហេតុនៃការឆាបឆេះនេះ បើតាមលោកគីម កូលីដូ បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃ៣០ មករានេះថា មិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ដោយសារតែ ក្រោយពេលកើតហេតុអ្នកជួលផ្ទះកើតហេតុខាងលើបានគេចគេចបាត់ស្រមោល មិនបានបំភ្លឺលើហេតុការណ៍នេះ៕ ដោយ៖បញ្ញាស័ក្តិ