ប្រទេសរុស្សី បានចោទប្រកាន់ អាមេរិចថា កំពុងលូកដៃចូលកិច្ចការបោះឆ្នោតរបស់ខ្លួន។ រុស្សីក៏ធ្លាប់ត្រូវអាមេរិចចោទប្រកាន់ថា បានជ្រៀកជ្រែកចូលកិច្ចការបោះឆ្នោតអាមេរិច កាលពីចុងឆ្នាំ ២០១៦ ដើម្បីធ្វើឲ្យលោក ដូណាល់ ត្រាំឈ្នះការបោះឆ្នោតតាមការចង់បានរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ CNN។
ប្រទេសរុស្សី និយាយថា រតនាគារអាមេរិចអាចនឹងពង្រីកទណ្ឌកម្មខ្លួនប្រឆាំងនឹងទីក្រុង មូស្កូ ជុំវិញការចោទប្រកាន់រុស្សីថាជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតអាមេរិច គឺជាប៉ុនប៉ងដ៏ច្បាស់ និងផ្ទាល់ ដើម្បីធ្វើឲ្យរំខានដល់ ការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេស រុស្សីក្នុងពេល ២ខែទៀតនេះ។
ការចោទប្រកាន់ពីរុស្សីបានកើតឡើង ក្រោយពេលរតនាគារអាមេរិច បានបញ្ជូនបញ្ជីឈ្មោះអ្នកជំនួញរុស្សី និងព៌តមានលំអិតពីទំនាក់ទំនងរបស់ពួកគេជាមួយនឹង ប្រធានាធិបតីរុស្សី ពូទីន ទៅសភាអាមេរិច។
អ្នកនាំពាក្យវិមានក្រែមឡាំង Dmitry Peskov បានថ្លែងប្រាប់អ្នកសារព៌តមានដូច្នេះថា “ពួកយើងគិតថា នេះគឺជាការប៉ុនប៉ងដ៏ច្បាស់ និងផ្ទាល់ ដែលសកម្មភាពពេលខ្លះ វាគាំប់ជួនទៅនឹងការបោះឆ្នោតរបស់ពួកយើង ដើម្បីធ្វើឲ្យមានឥទ្វិពលលើវា”។
សូមបញ្ជាក់ថា រុស្សីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅក្នុងមិនាខាងមុខនេះ ប៉ុន្តែមេដឹក នាំបក្សប្រឆាំងរុស្សីដ៏ល្បី Alexei Navalny ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយសាររៀបចំ ធ្វើការតវ៉ា ខុសច្បាប់។ លោក ក៏ត្រូវបានហាមប្រាមមិនឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដែរ៕ សុភ័ក្ត្រ