ភ្នំពេញ៖ យុវជនវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណះជិះម៉ូតូឌុបគ្នាបណ្ដាលឲ្យដួល ហើយត្រូវបានរថយន្តកុងតឺន័រមកពីក្រោយបើកកិនកាលពីយប់ថ្ងៃទី២៩ ខែមករាឆ្នាំ២០១៨ នៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ ។
អ្នកភូមិបន្តថា៖សិស្សសាលាវ័យក្មេង២នាក់ ជិះម៉ូតូPCXពាក់ស្លាកលេខនគរបាល ជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ១។
ជនរងគ្រោះឈ្មោះពៅ ឆេងលី ភេទប្រុដអាយុ១២ ឆ្នាំ មុខរបរជាសិស្ស និងជនរងគ្រោះរបួសធ្ងន់ មានឈ្មោះ យ៉ុង រស្មី អាយុ១៤ឆ្នាំ មុខរបរជាសិស្ស ជនរងគ្រោះទាំងពីរនាក់ រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនវ័យក្មេង២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៍ស ពាក់ស្លាកលេខនគរបាល 1 -7218 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះដួល (មិនដឹងថា ទាក់ដៃចង្កូតជាមួយអ្វីមួយ ឬក៏ចាប់ហ្វាំងដួលខ្លួនឯង) ហើយក៏មានរថយន្តកុងតឺន័រ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3C-9312 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយបុកនិងកិនទាំងកំរោលបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកយុវជនម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។
អ្នកភូមិដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់បានចំងាយប្រហែលជិត២គីឡូទើបឈប់ហើយម្ចាស់ចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធើ្វបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ