ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត បានបញ្ជាក់ថា គ្រប់បណ្តាអង្គភាព ដាច់ខាតគ្មានកងទ័ព និងក្រុមគ្រួសារកងទ័ពណាម្នាក់ ជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហើយត្រូវសកម្មភាពបង្ក្រាបឈ្មួញជួញដូរគ្រឿងញៀន តាមទិសស្លោកប្រឆាំងគ្រឿងញៀនបីកុំ និងមួយរាយការណ៍។
រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ក្រោមកិច្ចសហការរៀបចំរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹក មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើកទី១ ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការប្រើប្រាស់ ការជួញដូរ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ នាយសេនាធិការចម្រុះ ប្រធានគណកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
ឯកឧត្ដម មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនកន្លងមកគឺជាប្រមូលផ្តុំនូវមូលធនគ្រប់តួអង្គ ក្លាយជាចលនាជាតិមួយដើម្បីផលប្រយោជន៍ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ស្រឡាញ់ជាតិ និងបានសំណូមពរដល់អ្នកពាក់ព័ន្ធត្រូវអនុវត្តខ្ជាប់ខ្ជួននូវ ទិសស្លោក បីកុំគឺកុំពាក់ព័ន្ធ កុំអន្តរាគមន័ កុំបន្ធូរបន្ថយ មួយរាយការណ៍ គឺត្រូវរាយការណ៍គ្រប់ករណីគ្រឿងញៀនជូនសមត្ថកិច្ច។
បើតាមឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ប្រព្រឹត្តទៅដោយជោគជ័យក្លាយជាធនធានថ្មីបន្ថែមទៀតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យការពារជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងបន្ថែមថា គ្រូបង្គោលទាំងអស់ ត្រូវតែទៅរាយការណ៍លើកផែនការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដល់អង្គភាពរបស់ខ្លួនធ្វើយ៉ាងណា បង្ការដាច់ខាតគ្មានកងទ័ព និងក្រុមគ្រួសារកងទ័ពណាម្នាក់ ជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហើយត្រូវសកម្មភាពបង្ក្រាបឈ្មួញជួញដូរគ្រឿងញៀន តាមទិសស្លោកប្រឆាំងគ្រឿងញៀនបីកុំ និងមួយរាយការណ៍។
ឧត្តមសេនីយ៍ទោ សាន់ សេដ្ឋា នាយករងទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋាន បានថ្លែងថា គ្រូបង្គោលដែលទទួលបានការបណ្តុះបណ្តាល រយៈពេលបីថ្ងៃនេះ គឺមានចំនួន១៣១នាក់ មកពីបញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក អាកាស និងកងរាជអាវុធហត្ថ៕ ដោយ៖កូឡាប