ភ្នំពេញ៖ ដូចបានដឹងហើយ កញ្ញា ទេព បូព្រឹក្រ ជា តារា ចម្រៀងស្រីវ័យក្មេងមួយដួង ដែលតែងតែ បង្ហាញនូវការតុបតែងខ្លួន ជាមួយឈុតសម្លៀកបំពាក់មានការច្នៃប្រឌិតខ្ពស់ ហើយបូករួមនឹងភាពសិចស៊ី ជាមួយរូបសម្រស់ស្រស់ស្អាតខ្លាំងទៀតផងនោះ បានធ្វើនាងកាន់តែលេចធ្លោ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង។
បើតាមការសង្កេតឃើញ នោះប៉ុន្មានឆ្នាំចុងក្រោយមកនេះ កញ្ញា ទេព បូព្រឹក្ស ហាក់កាន់តែមានជីវិតហ៊ឺហារ ស៊ីវិល័យជាងមុនឆ្ងាយ ជាពិសេស នាងតែងតែប្រើប្រាស់សម្ភារម៉ាកល្បីៗ និងនិយមទិញគ្រឿងពេជ្រជាញញឹកញាប់ផងដែរ។ នេះអាចនិយាយបានថា នាងជាតារាចម្រៀងវ័យក្មេងម្នាក់ ដែលអាចរកប្រាក់ចំណូលបានច្រើនក្នុងមួយខែៗ ព្រោះនាងហ៊ានចំណាយលុយច្រើនៗ សម្រាប់សម្ភារប្រើប្រាស់ផ្ទាល់ខ្លួនថ្លៃៗ ដែលជាកម្លាំងញើសឈាមខ្លួនខំរកមកដោយលំបាក។
ជាក់ស្ដែង មុននេះបន្តិច កញ្ញា ទេព បូព្រឹក្ស បានបង្ហោះ វីដេអូពីទិដ្ឋភាព ខណៈពេលដែលរូបនាងបានទៅកាន់ហាងលក់គ្រឿងអលង្ការមួយកន្លែង ដែលមានឈ្មោះ ថា សេង ចិន្ដា និងបានចំណាយលុយដល់ទៅ ៣៣.៣៣២ ដុល្លារ ក្នុងការទិញគ្រឿងអលង្ការជាច្រើនម៉ូដ ដែលក្នុងនោះមានដូចជា៖ នាឡិកា ដៃពេជ្រ ខ្សែកពេជ្រ និង ក្រវិលពេជ្រ ជាដើម។
បើតាមកញ្ញា ទេព បូព្រឹក្ស រៀបរាប់ នោះគោលបំណងដែលនាងទិញគ្រឿងអលង្កការអស់ខ្ទង់ម៉ឺនដុល្លារទាំងនេះ គឺដើម្បីបង្ការទៅថ្ងៃក្រោយ ក្នុងកាលៈទេសៈណាមួយខ្សែជីវិតមើលមិនឃើញ អាចធ្លាក់ខ្លួន គឺនាងអាចលក់ចេញវិញបានគ្រាន់ដោះទ័ល ដែលប្រសើរជាជាងមានលុយកាន់នៅនឹងដៃច្រើន ឃើញនេះឃើញនោះចង់បាន ចាយអស់អត់ប្រយោជន៍៕ ដោយ៖ លឹម ហុង