បន្ទាយមានជ័យ ៖ ផ្តើមចេញពីរឿងជំពាក់លុយ បុរសកូនបំណុលបានយកដំបងវាយម្ចាស់បំណុលអោយរបួសធ្ងន់ធ្ងរ នៅពេលផឹកស្រាបៀរស្រវឹងខ្លះ និងក្រោយចេញពីស៊ីការមួយ ។
ហេតុការណ៍នោះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នៅភូមិស្រះកើតឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ ស៊ិន រ៉ាស៊ី មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះអោយដឹងថា : ម្ចាស់បំណុលនិងជាជនរងគ្រោះ ដែលរងរបួសធ្ងន់ធ្ងរត្រូវដេលពេទ្យមានឈ្មោះ ស៊ុន វ៉ាន់ថា ភេទប្រុស អាយុ ៤៥ឆ្នាំ រស់ភូមិស្រះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ចំណែកជនសង្ស័យមានឈ្មោះ នឹម សំប៊ុន ភេទ ប្រុស អាយុ ២២ឆ្នាំរស់នៅភូមិប៉ុស្តិ៍ចាស់ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ក្រោយជននេះបង្កហេតុហឹង្សារដូចខាងលើ ហើយបានបញ្ជូនសង្ស័យនិងវត្ថុតាងមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលការងារយុត្តិធម័អោយដឹងថា : សង្ស័យបានសារភាពថា ខ្លួនបានប្រព្រឹត្តដូច្នោះ ព្រោះតែខឹងជនរងគ្រោះជាម្ចាស់បំពុលបានលើកគ្នាមកទារលុយខ្លួនជំពាក់ ហើយបានប្រើសំដីអសុរោះគម្រាមកំហែងមកលើខ្លួន ដោយមិនទុកមុខ មិនទុកកិត្តយសអោយខ្លះ។
ឯជនរងគ្រោះវិញ និយាយថា : ជនល្មើសនេះ ជំពាក់លុយហើយគ្មានបំណងសងទោះជាទារនិងអង្វរកស្ទើរលន់តួទៅហើយ។ ហេតុនេះបានជាពួកខ្លួននាំគ្នាច្រើនទៅសួរនាំ ថាពេលណាបានសង? ដូច្នេះពេលទារលើកនេះក៏មានសំដីសំដៅថ្លោសដាក់គ្នាទៅវិញទៅមក តែគ្មានប្រើពាក្យគម្រាមឬមិនសមរម្យទេ។ទៀត។
យោងចម្លើយសារភាពនៃអង្គហេតុខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ ដោយ ៖ បន្ទាយ