ភ្នំពេញ៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថា នបានអះអាងថា ការដោះអន្ទាក់គ្រប់ប្រភេទចេញពី តំបន់ការពា រធម្មជាតិ៦ខែឆ្នាំ២០២០ ពីខែមករា ដល់ខែមិថុនា អន្ទាក់សរុបចំនួន ២០ ១៧៩ អន្ទាក់ ត្រូវបានដោះយកចេញមានន័យថា បានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត។ នៅឆ្នាំ២០១៩កន្លងទៅអន្ទាក់ចំនួនជាង៤ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ។
ការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឡើងក្នុងពេលដឹកនាំប្រតិភូក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងអ្នកសារព័ត៌មាន ទៅកាន់ ស្នាក់ការល្បាតស្ទឺ ងព្រាត់ក្នុងឧទ្យានជាតិភ្នំក្រវាញខាងត្បូង ស្ថិតក្នុស្រុកថ្មបាំងខេត្តកោះកុងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការការពារតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិសាត់ អន្ទាក់ចំនួន ៣២.៣២២ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ (ខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០)។
អន្ទាក់ទាំងនោះ ខ្លះធ្វើពីខ្សែនីឡុង ឬខ្សែកាបដែកដែលបង្កគ្រោះថ្នាក់បំផុត។ អន្ទាក់កា ន់តែមានសភាពគ្រោះថ្នាក់ឡើងនៅពេលជនល្មើសបានប្រើប្រាស់អន្ទាក់ដោយប្រើប្រាស់ចរន្តអគ្គុសនីដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្តដើម្បីចាប់សត្វ។ អន្ទាក់ គឺជា ឃាតករលាក់មុខដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុតពូជពីលើផែនដីយើងនេះ ។
ចំពោះមុខនៃការគំរាមកំហែងរបស់អន្ទាក់លួចដាក់ដោយ ក្រុមព្រានព្រៃនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន មិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និង បំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។
ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈប់ការដាក់អន្ទាក់ចាប់សត្វ សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វកុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាមឬ យកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខនឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ។
ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ និងបរបាញ់សត្វព្រៃ ក្រសួងបរិស្ថានបានរៀបចំផែនការបង្កើនជីវភាព ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យរីកចម្រើនឡើង តាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មី ក្នុងវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់៕ ដោយ៖កូឡាប