កំពង់ស្ពឺ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសជាតិរឹងមាំគឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង គឺដោយសារកងទ័ពយើងខ្លាំង។ នាយទាហានជំនាន់មុនបានបន្សល់ទុកនូវស្នាដៃការពារជាតិ ដើម្បីបុព្វហេតុជាតិ មកដល់យើងសព្វថ្ងៃនេះ ដូច្នេះយើងត្រូវបន្តថែរក្សានូវកេរមរតកនេះទៅមុខទៀត ដោយឈរលើមូលដ្ឋានៃស្មារតីឆន្ទៈ បទពិសោធន៍ ហើយបូកផ្សំជាមួយនឹងសមត្ថភាពជាក់ស្តែង។
ការលើកឡើងបែបនេះ ខណៈឯកឧត្តម ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌឲ្យសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០ មូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ នាព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម បានបន្ថែមថា ការហ្វឹកហ្វឺនពលទាហានឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់ គឺជាកត្តាសំខាន់បំផុតដែលធ្វើឱ្យកងទ័ពរបស់យើងខ្លាំងហើយអាចការពារជាតិមាតុភូមិរបស់យើងបានយូរអង្វែងទៅមុខទៀត។ ការហ្វឹកហ្វឺនត្រូវផ្អែកលើកត្តាពីរ ទីមួយគឺស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងទីពីរគឺកត្តាសមត្ថភាពដោយមានភាពម្ចាស់ការលើខ្លួនឯង។ នេះហើយជាស្មារតីជាតិនិយម ដើម្បីបង្កើននូវភាពជឿទុកចិត្តលើខ្លួនឯងនៅក្នុងការធានាម្ចាស់ការលើអនាគតរបស់យើង។
ឯកឧត្តមបានបញ្ជាក់ថា យោធាចារ្យមានតួនាទីសំខាន់ណាស់។ អាជីពជាយោធាចារ្យ មានលក្ខណៈពិសេសពីរ ទីមួយគឺយើងបានចូលរួមដោយផ្ទាល់ក្នុងការបម្រើជាតិតាមរយៈការបង្រៀនពលទាហានរបស់យើងឱ្យមានមូលដ្ឋានក្នុងការការពារខ្លួន ក៏ដូចជាការពារអង្គភាព ធានាបាននូវជោគជ័យក្នុងការបំពេញភារកិច្ច ដែលជាមោទភាពក្នុងការចូលរួមចំណែកការពារជាតិតាមរយៈការបណ្តុះបណ្តាលនូវវីរជនឆ្នើមៗ ទីពីរគឺយោធាចារ្យទទួលបាននូវកិត្តិយសមហាសាលដែលដក់ជាប់ក្នុងក្រអៅបេះដូងរបស់សិស្សគ្រប់រូប ក្នុងនាមជាអ្នកមានគុណដែលបានផ្តល់នូវចំណេះដឹងដល់ពួកគេ។
ឯកឧត្តម លើកបង្ហាញ ដល់សិក្ខាកាម និងយោធាចារ្យ ឱ្យយល់អំពីតម្លៃនៃអាជីពមួយនេះ ហើយយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហ្វឺន និងចេញទៅបំពេញភារកិច្ចបង្រៀននៅតាមបណ្តាសាលា ប្រកបដោយឆន្ទៈ និងមនសិកាខ្ពស់ចេញពីបេះដូង។ ឯកឧត្តម បានបន្តថាសូមយល់ផងដែរអំពីអត្ថប្រយោជន៍នៃអាជីពមួយនេះ តាមរយៈការចោទសួរថា តើយើងបានបន្សល់ទុកអ្វីខ្លះជូនកងទ័ពយើងបន្ទាប់ពីការចូលនិវត្តន៍ទៅ គឺយោធាចារ្យម្នាក់អាចបន្សល់ទុកនូវយោធិនរាប់ពាន់នាក់ដែលយើងបានចូលរួមបណ្តុះបណ្តាល រួមទាំងការបន្សល់ទុកនូវប្រព័ន្ធហ្វឹកហ្វឺនបណ្តុះបណ្តាលអប់រំកងទ័ព បន្តទុកឱ្យកូនចៅយើងជំនាន់ក្រោយៗទៀត។ ដូច្នេះហើយឱកាសជាយោធាចារ្យនេះ គឺជាឱកាសពិសេសមួយដែលសិក្ខាកាមយើងអាចចូលរួមក្នុងការកសាងសមិទ្ធិផលសម្រាប់កងទ័ពតាមរយៈការកសាងបណ្តុះបណ្តាលធនធានមនុស្ស៕ ដោយ៖កូឡាប