ភ្នំពេញ៖ ក្រុមការងារត្រួតពិនិត្យការងារបរិស្ថាននៃតំបន់សេដ្ឋកិច្ចពិសេស បានដំណើរការកិច្ចប្រជុំលើកទី ១ ដឹកនាំដោយលោកឃុត ចាន់ដារ៉ា និងលោកជា វុទ្ធី សហប្រធានតំណាង CDC នៅល្ងាចថ្ងៃទី២៩ ខែមករានេះ ក្នុងគោលបំណងកំណត់ទិសដៅការងារ ដែលត្រូវអនុវត្ត ដោយបានពិនិត្យលើ ទិដ្ឋភាពច្បាប់ពាក់ព័ន្ធ ការកំណត់កាតព្វកិច្ច និងការទទួលខុសត្រូវ របស់ម្ចាស់តំបន់ ពិសេសពាក់ព័ន្ធ EIA ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់រឹង-រាវ ។ល។
កិច្ចប្រជុំនេះបានកំណត់នៅក្នុងអនុក្រឹត្យ តំបន់សេដ្ឋកិច្ចពិសេស និងច្បាប់-អនុក្រឹត្យបរិស្ថាន ហើយជាលទ្ធផលអង្គប្រជុំ បានសម្រេច៖ ១). ត្រូវរៀបចំកិច្ចប្រជុំជាមួយម្ចាស់តំបន់ទាំង ៤៧ ដើម្បីផ្សព្វផ្សាយពីបទដ្ឋាន ដែលម្ចាស់តំបន់ត្រូវអនុវត្ត លើកិច្ចគាំពារបរិស្ថាន។ ២). លេខាធិការដ្ឋានក្រុមការងារត្រូវរៀបចងក្រងនូវឯកសារបទដ្ឋានដែលអ្នកវិនិយោគត្រូវអនុវត្តលើកិច្ចគាំពារបរិស្ថាន (Code of Conduct of Pollution Control) សម្រាប់ផ្សព្វផ្សាយទៅម្ចាស់តំបន់ និងអ្នកវិនិយោគក្នុងតំបន់ រួមទាំងរៀបចំការចុះសិក្សាស្វែងយល់ពីតំបន់គំរូដែលបានអនុវត្តល្អលើការគ្រប់គ្រងការបំពុលបរិស្ថាន។ ៣). CDC និងសហការជំរុញការអនុវត្តលើការរៀបចំរបាយការណ៍ EIA សំរាប់តំបន់ដែលមិនទាន់មាន និងសម្រាប់រោងចក្រដែលមានសក្តានុពលបំពុលបរិស្ថានខ្លាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ៤). ត្រូវធ្វើការសិក្សាពីលទ្ធភាពក្នុងការរកដៃគូអភិវឌ្ឍន៍គ្រប់គ្រងសំណល់រឹង-រាវ ដើម្បីជួយដោះស្រាយបញ្ហាសំណល់ក្នុងតំបន់ និងដើម្បីធានាដល់និរន្តរភាពនៃការវិនិយោគហេថារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ទីប្រជុំជន (ទឹកលូ និងសំរាម)។ ៥). នឹងធ្វើការពិនិត្យរួមគ្នារវាងក្រសួងបរិស្ថាន និងCDC ក្នុងការស្នើឱ្យមានតំណាងក្រសួងបរិស្ថានចូលរួមក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ដើម្បីជួយតាមដានការងារគ្រប់គ្រងសំណល់ និងជួយសម្របសម្រួលនិងផ្តល់ប្រឹក្សាបច្ចេកទេសដល់តំបន់ពាក់ព័ន្ធការងារកិច្ចគាំពារបរិស្ថាន៕ ដោយ៖បញ្ញាស័ក្តិ