ភ្នំពេញ៖ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា មកដល់ពេលនេះ ប្រទេសកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានល្អប្រសើរ ដោយបានធ្វើឱ្យផលិតកម្មកសិកម្មងើបឡើងវិញ និងសកម្មភាពសេដ្ឋកិច្ចនានាមានសកម្មភាពឡើងវិញ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ឈរលើមូលដ្ឋានអនាម័យ និងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩គ្រប់ទីកន្លែង។ សម្ដេចបានចាត់ទុកលទ្ធផលនេះថាជាស្នាដៃកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែន និងការចូលរួមគាំទ្រពីក្រសួងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ បណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក្នុងនោះក៏មានភ្នាក់ងារអង្គការសហប្រជាតិដែរ។
នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដាឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ១៩ និងផលប៉ះពាល់ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបវិបត្តិសង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺកូវីដ១៩ ហើយថាដើម្បីប្រយុទ្ធ និងដោះស្រាយផលប៉ះពាល់បណ្ដលមកពីវិបត្តិនេះ រាជរដ្ឋាភិបាល បានបង្កើតយន្តការ និងដាក់ចេញវិធានការជាបន្តបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃនេះ រាជរដ្ឋាភិបាលបានបន្តកិច្ចប្រជុំក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីរួមគ្នាជួយពលរដ្ឋជាជនទេសន្តរប្រវេសន៍ក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩។
សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានអនុម័តគម្រោងថវិកាចំនួន១លានដុល្លារអាមេរិក ដើម្បីអនុវត្តកម្មវិធីរួមគ្នាមួយរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ក្នុងគោលបំណងជួយការពារពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្តន៍ និងការពារការចម្លងជំងឺដល់សហគមន៍។ សម្ដេចសង្ឃឹមថាភាគីទាំងពីរនឹងចូលរួមមតិយោបល់ល្អៗ ដើម្បីជួយឱ្យការអនុវត្តគម្រោងនេះទទួលបានលទ្ធផលល្អ។
គួរកត់សម្គាល់ថា ក្នុងរយៈពេលជាង៣ខែ ដែលប្រទេសថៃបិទព្រំដែនជាមួយកម្ពុជា មានប្រជាពលរដ្ឋជាពលករទេសន្តរប្រវេសន៍ បានវិលត្រឡប់ប្រមាណជាជាង១០ម៉ឺននាក់ ក្នុងនោះស្ត្រីប្រមាណ៥០ភាគរយ និងកុមារ៣ភាគរយ។ នេះបើតាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស ដែលបានថ្លែងជូនសម្ដេច និងអង្គប្រជុំ។
នាឱកាសនោះដែរ លោកស្រី ផូលីន ថាម៉េស៊ីស ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃ សម្រាប់ការប្ដេជ្ញាចិត្ត និងការដឹកនាំក្នុងការឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ជនទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍ ក្នុងនាមជាក្រុមងាយរងគ្រោះមួយដ៏សំខាន់ ដែលរងផលប៉ះពាល់ពីការរាត្បាតនៃជំងឺកូវីដ១៩។
ក្នុងនាមតំណាងអង្គការសហប្រជាជាតិ លោកស្រី រួមទាំងបណ្ដាតំណាងអង្គការអន្តរជាតិនានារបស់អង្គការសហប្រជាជាតិ បានបង្ហាញការពេញចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលការលំបាករបស់ពលរដ្ឋជាពលករទេសន្តរប្រវេសន៍ និងពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ប្រធានអង្គការសុខភាពពិភពលោក បានកោតសសើររដ្ឋបាលថ្នាក់ ក្រោមជាតិរបស់ប្រទេសកម្ពុជា ដែលបានត្រៀមលក្ខណៈឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ព្រោះមាន សារសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានជោគជ័យនាពេលខាងមុខ។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា «កាលពីសប្ដាហ៍មុន ខ្ញុំមានកិត្តិយសដែលបានចុះធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដើម្បីពិនិត្យមើលដោយផ្ទាល់អំពីរបៀបដែលខេត្តនីមួយៗ បាននិងកំពុងរៀបចំត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះ ឯកឧត្តមអភិបាលខេត្តទាំងបី ផងដែរ»។
លោកស្រីបន្ដថា ការត្រៀមលក្ខណៈ និងការឆ្លើយតបក្នុងមូលដ្ឋាននេះ មានសារសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានជោគជ័យ។ លោកស្រីបានឃើញ រួចមកហើយនូវវឌ្ឍនភាពដ៏សម្បើម និងតម្លៃនៃកិច្ចសហការពហុវិស័យ ព្រោះមានសារសំខាន់ខ្លាំងណាស់ក្នុងការវិនិយោគ ទៅលើទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយភាពជឿជាក់ រវាងដៃគូនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបញ្ជាក់ថា ឆ្លងតាមស្មារតីនៃកិច្ចប្រជុំកន្លងមកជាមួយតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ កញ្ចប់ជំនួយថវិកា១លានដុល្លាររបស់អង្គការសហប្រជាជាតិនាពេលនេះ នឹងត្រូវប្រើប្រាស់ដោយផ្អែកលើយន្តការរាជរដ្ឋាភិបាលដែលមានស្រាប់។ ជំនួយនេះនឹងផ្ដោតលើបណ្ដាក្រុងស្រុកមួយចំនួននៃខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ តាមរយៈការពង្រឹងសមត្ថភាពនៅតាមមណ្ឌលចត្តាឡីស័ក ការជួយផ្ដល់ព័ត៌មានដល់ពលរដ្ឋជាពលករទេសន្តរប្រវេសន៍ ការពង្រឹងការព្យាបាលផ្នែកចិត្តសាស្ត្រ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការផ្ដល់កញ្ចប់ជំនួយធ្វើសមាហរណកម្មសេដ្ឋកិច្ចដល់ពលរដ្ឋជាពលករទេសន្តរប្រវេសន៍នៅតាមមូលដ្ឋាន។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានសម្ដែងការគាំទ្រចំពោះផែនការសកម្មភាពនេះ និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធចូលរួមគាំទ្រឱ្យបានល្អ។ សម្ដេចក៏បានស្នើឱ្យក្រុមការងារបច្ចេកទេសជាន់ខ្ពស់រវាងក្រសួងស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយភ្នាក់ងារតំណាងអង្គការសហប្រជាតិ និងត្រូវប្រជុំឱ្យបានទៀងទាត់ ដើម្បីតាមដានការអនុវត្តគម្រោងនេះ។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដោយបានបែងចែកក្រុមការងារប្រតិបត្តិការចំនួនពីរ ដើម្បីទប់ទល់នឹងវិបត្តិជំងឺឆ្លងសាកលនេះ គឺទី១ ក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់ និងទី២ ក្រុមការងារប្រតិបត្តិការអប់រំបណ្ដុះបណ្ដាល និងអប់រំសាធារណៈ៕ដោយ៖កូឡាប