ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តារាសម្តែងកញ្ញា ណាណា និងជាម្ចាស់ហាងកែសម្ផស្ស Nana Boutique Shop បានជួបរឿងស៊យ ត្រូវក្រុមចោរ២នាក់ បានធ្វើសកម្មភាពគាស់ហាងរបស់កញ្ញា ដោយពួកវាបានលួចយករបស់របរជាគ្រឿងសម្អាង សូម្បីតែរបស់ប្រើស៊ីចុករួច ដែលធ្វើឲ្យកញ្ញាហួសចិត្តជាខ្លាំង។
ក្នុងនោះផងដែរ បើតាមទំព័រហ្វេសប៊ុកឈ្មោះហាងរបស់កញ្ញា ណាណា បានបង្ហោះពីហេតុការណ៍ខាងលើនេះឲ្យដឹងថា៖ «គ្រោះអាក្រក់ សូមឲ្យទៅតាមអាចោរចង្រៃនឹងឲ្យអស់ចុះ ចាត់ទុកថាលាងស៊យទៅតាមអីវ៉ាន់ ដែលវាយកទៅចុះ វាបានគាស់ហាងខ្ញុំ ខ្ញុំបានដាក់ពាក្យបណ្តឹងរួចហើយ បងប្អូនសូមប្រុងប្រយ័ត្នផងណា សំខាន់វាយកឡេ យកគ្រឿងផាត់មុខស្រីៗទៅធ្វើអី? អីវ៉ាន់ដែលវាយក
សុទ្ធតែរបស់ស្រីៗ ស្ទីមសែលពងត្រី លេក្លៀក សំឡីជូតមុខ ទឹកអប់ខ្ញុំ រោមភ្នែក គូល័រភ្នែក សាប៊ូកក់សក់ដែលខ្ញុំប្រើហើយ នៅមានចិបចុបច្រើនទៀត។ រាល់ដងមានអ្នកដេកចាំកន្លែង ចង្រៃអីថ្ងៃនឹងអត់មាន នៅមានវីដេអូច្បាស់ឃើញមុខហែងទៀត»។
បន្ថែមពីនោះ កញ្ញា ណាណា ក៏បានបង្ហោះផ្តាំទៅលោកចោរទាំងហួសចិត្តទៀតថា៖ «ឯងលក់ឡេទេ មិនមែនលក់ទូរស័ព្ទ មាស ពេជ្យទេបងចោរអើយ កំពុងក្រផង សំខាន់នំHANAMI កំប៉ុងឯងញ៉ាំហើយ និងស្ករគ្រាប់សែនជំនាងហាង ក៏យកទៅដែរអាចោរនេះវើយ អរគុណបងព័ត៌មាន» ៕ ដោយ៖ លឹម ហុង