Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ក្រើនរំលឹក​មន្ទីរ​ផែនការ ត្រូវតែ​ធ្វើឱ្យបាន​លឿន​រហ័ស និង​តម្លាភាព រាល់​ទិន្នន័យ​គ្រួសារ​ក្រីក្រ ជៀង​វាង​កុំ​ឱ្យមាន​បាតុភាព​អសកម្ម កើតឡើង​

​ភ្នំពេញ​៖ ក្រសួងផែនការ និង អង្គការ UNDP រៀបចំ​ពិធី​ប្រគល់​តា​ប្លេ​ត (Tablet) ចំនួន​១.៧០០​គ្រឿង សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ​, ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​ណែនាំ​ដល់​មន្ត្រីរាជការ​នៃ​មន្ទីរ​ផែនការ​ទាំងអស់ ត្រូវតែ​ខិតខំ​ធ្វើឱ្យបាន លឿន​រហ័ស និង​តម្លាភាព​រាល់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ទាំងអស់ ជៀង​វាង​កុំ​ឱ្យមាន​បាតុភាព​អសកម្ម​កើតឡើង​។​

​សណ្ឋាគារ​កាំបូឌីយ៉ាណា​, ថ្ងៃ​ពុធ ១០​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​-​ទទួល ថា​ប្លេ​ត​(Tablet)​ចំនួន​១៧០០​គ្រឿង ផ្តល់​ដោយ អង្គការ UNDP សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា​, ឯកឧត្តម Luke Arnold ឯកអគ្គរាជទូត​រង​ប្រទេស​អូស្ត្រាលី ប្រចាំ​ប្រទេស​កម្ពុជា , ឯកឧត្តម Nick Beresford ប្រធាន​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា​, ថ្នាក់ដឹកនាំ​មន្ត្រី​ជំនាញ នៃ​ក្រសួងផែនការ​, តំណាង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​, ប្រធាន​មន្ទីរ​ផែនការ​រាជធានី ខេត្ត ក្រុង ទូទាំងប្រទេស​, អង្គការ​សង្គម​ស៊ីវិល និង​អ្នកមាន​ចំណែក​ពាក់ព័ន្ធ​ចូលរួម​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​-​ទទួល​នេះដែរ ឯកឧត្តម Nick Beresford ប្រធាន​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ដោយមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP) នៅថ្ងៃនេះ បានផ្ដល់​កុំព្យូទ័រ​ថា​ប្លេ​ត​ចំនួន ១.៧០០ គ្រឿង រួម​ជាមួយនឹង​កញ្ចប់​កម្មវិធី (software) ដល់​ក្រសួងផែនការ ក្នុង​គោលបំណង​ជួយ​ធ្វើឱ្យ​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា កាន់​តែមាន​ភាពល្អប្រសើ​រ ដែល​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ប្រសិទ្ធភាព​ជាង​មុន​។​

​រីឯ​ក្នុងនាម​រដ្ឋាភិបាល​អូស្ត្រាលី ឯកឧត្តម Luke Arnold ឯកអគ្គរាជទូត​រង​ប្រទេស​អូស្ត្រាលី ប្រចាំ​ប្រទេស​កម្ពុជា បាន​ពាំ​នាំនូវ​ប្រសាសន៍​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាងដូច​នេះ​ថា «​រដ្ឋាភិបាល​អូស្ត្រាលី មាន​មោទនភាព ដែល​ការគាំទ្រ​របស់​យើង​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ រាប់បញ្ចូល​ទាំង​ការឧបត្ថម្ភ​ថា​ប្លេ​ត​ទាំងនេះ ដែល​ក្លាយជា​ប្រព័ន្ធ​គោល​សម្រាប់​ជួយ​សម្រួល ដល់​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​គ្រួសារ​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩​។​»

​ថ្លែង​ក្នុងឱកាស​ដ៏​វិសេសវិសាល​នៃ​ពិធី​ប្រគល់​-​ទទួល​នេះដែរ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​មានប្រសាសន៍ថា «​កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល​ដែរ គឺ​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ចំពោះ​គ្រួសារ​ក្រីក្រ​។ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន រាជរដ្ឋាភិបាល​បានសម្រេច​ជួយឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ដែលមាន​ប័ណ្ណ​សមធម៌​។ ប៉ុន្តែ​នៅមាន​គ្រួសារ​ក្រីក្រ​ខ្លះ​អវត្តមាន​ពី​ការចុះឈ្មោះ​ទទួល​ប័ណ្ណ​សមធម៌ ហើយ​គ្រួសារ​ខ្លះទៀត ទើប​ធ្លាក់ខ្លួន​ក្រ​ដោយសារ​បាត់បង់​ចំណូល​បណ្តាលមកពី​វិបត្តិ​កូ​វីដ​-១៩​។ ដើម្បី​ព​ន្លឿ​ន​ការចុះឈ្មោះ​ក្រុមគ្រួសារ​ក្រីក្រ​ទាំងនេះ​នៅតាម​ឃុំ​សង្កាត់​បន្ថែមទៀត ក្រសួងផែនការ​បានស្នើ​សុំ​កុំព្យូទ័រ​ថា​ប្លេ​ត​ចំនួន ១.៧០០ គ្រឿង​ពី​អង្គការ​យូ​អិន​ឌី​ភី​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដោយស្មោះ​បំផុត​ចំពោះ UNDP និង​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បានរួម​ចំណែក​គាំទ្រ តាមរយៈ​ការ​ផ្តល់នូវ​កុំព្យូទ័រ​ថា​ប្លេ​ត​ទាំងនេះ​ដល់​ក្រសួង​។​»

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បន្តថា ដើម្បី​ធានាបាន​ក្នុងការ​ប្រើប្រាស់​មាន​សុវត្ថិភាព ខ្ញុំ​សូម​ធ្វើការ​បែងចែក​ថា​ប្លេ​ត ដែល​ចែក​ជូនទៅ​ឃុំ សង្កាត់​ជា​ពីរ​ដាច់ដោយឡែក​ពីគ្នា​៖​ទី​១-​ថា​ប្លេ​ត​ដែល​បានផ្តល់​ដោយ​អង្គការ GIZ និង​អង្គការ UNICEF ចំនួន ១.៦៤៦ គ្រឿង​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ប្រើប្រាស់​សម្រាប់​កម្មវិធី​ចុះឈ្មោះ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។ ទី​២-​ថា​ប្លេ​ត​ដែល​ផ្តល់​ដោយ UNDP សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ប្រធាន​មន្ទីរ​ផែនការ​រាជធានី ខេត្ត ក្រុង​ទាំងអស់ តប​តាម​ការផ្តល់​សេចក្តីទុកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មន្ទីរ​ផែនការ​ទាំងអស់ ត្រូវតែ​ខិតខំ​ធ្វើឱ្យបាន លឿន​រហ័ស និង​តម្លាភាព​រាល់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ទាំងអស់ ជៀង​វាង​កុំ​ឱ្យមាន​បាតុភាព​អសកម្ម​កើតឡើង និង​ត្រៀម​បង្ការ អប់រំ បណ្តុំ​បណ្តាល​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ជាពិសេស​សហការ​ជាមួយ​ពួកគាត់​នៅឯ​មូលដ្ឋាន​ជានិច្ច​ស្ថិតក្នុង​ដំណាក់កាល​នេះ ត្រូវ​ចុះ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង​ភ្លាមៗ​រាល់​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម Facebook ឬ​ការរាយការណ៍​ណាមួយ​ជាប្រចាំ​៕

ដោយ៖កូឡាប

×