កំពត៖ ស្ត្រីជាម្តាយ បានខឹងប្តី ហើយនាំកូនពីរនាក់ទៅដេកផ្ទះសំណាក់យីហោ សុខមនោរម្យ រួចដាក់ថ្នាំពុល នៅក្នុងបាយឲ្យកូនហូប ហើយខ្លួនឯងក៏ហូបដែរ បណ្តាលឲ្យពុល។ កូន២នាក់ បានស្លាប់នៅតាមផ្លូវ ឯម្តាយរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តតាកែវ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះនៅផ្ទះសំណាក់ សុខមនោរម្យ ស្ថិតនៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។
ម្តាយ និងកូនៗ ដែលពុលថ្នាំរបស់ខ្លួនឯង ៖ ១-ម្តាយឈ្មោះ ប៉ាក សុហេង អាយុ២៤ឆ្នាំ កូនឈ្មោះ ហ៊ាល សុវណ្ណាមិ ភេទប្រុស អាយុ១០ឆ្នាំ និងឈ្មោះ ហ៊ាល ក្តាន់ ភេទប្រុស អាយុ៦ឆ្នាំ រស់នៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងថា មូលហេតុដែលនាំឲ្យក្មេងប្រុសទាំង២នាក់ ស្លាប់នោះ ដោយសារតែស្ត្រីជាម្តាយខឹងប្តី ហើយបានដាក់ថ្នាំពុល នៅក្នុងបាយឲ្យកូនហូប ហើយខ្លួនឯងក៏ហូបដែរ តែត្រូវបានប្តីមកទាន់ដឹកយកទៅសង្គ្រោះ រួចពីការស្លាប់។ ស្ត្រីជាម្តាយដែលបានដាក់ពុលប៉ងសម្លាប់កូន នឹងត្រូវចាត់វិធានការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា បើតាមការសាកសួរម្ចាស់ផ្ទះសំណាក់ បានប្រាប់ថា មានស្រីម្នាក់ និងកូន២នាក់ មកស្នាក់នៅចំនួន២ថ្ងៃហើយ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករានេះ។ ខណៈសមត្ថកិច្ច កំពុងសាកសួរម្ចាស់ផ្ទះសំណាក់ ប្តីជនស្ត្រីនោះ និងជាឪពុកក្មេងៗ ក៏បានមកដល់កន្លែងកើតហេតុ ហើយក៏ដឹកប្រពន្ធ និងកូនៗ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តតាកែវ តែអកុសល្យ ពេលដឹកទៅដល់ពាក់កណ្តាលផ្លូវ កូន២នាក់ បានដាច់ខ្យល់ស្លាប់ នៅតែម្តាយកំពុងតែជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តតាកែវ។ ទោះយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុ ដែលនាំឲ្យមានរឿងហេតុបែបនេះទេ៕ ដោយ៖បញ្ហាស័ក្តិ