ខេត្តមណ្ឌលគិរី ៖ មានមនុស្ស៣នាក់ បានស្លាប់បាត់បង់ជីវិត និងមានអ្នករង របួសជាច្រើននាក់ទៀត ត្រួវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរខេត្ដ បន្ទាប់ ពីមានការផ្ទុះអាវុធដាក់គ្នារវាងមន្ត្រីប៉េអឹម និងមន្ត្រីបរិស្ថានរបស់កម្ពុជា នៅចំណុចអូរហ៊ុច ស្ថិតក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។ ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងចន្លោះ៤-៥ ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ទោះបីជាយ៉ាងណាក៏ដោយរហូតមកទល់នឹងម៉ោង៨យប់ថ្ងៃដដែលនេះ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុហើយ ប៉ុន្តែនៅមិនមានសេចក្ដីរាយការណ៍លម្អិតនៅឡើយទេ ព្រោះជាតំបន់ក្រៅសេវាទូរស័ព្ទ។
ចំណែកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ថា៖
ពិតជាមានករណីផ្ទុះអាវុធនៅតំបន់អូរហ៊ុច ក្បែរព្រំប្រទល់កម្ពុជា-វៀតណាម ប្រាកដមែន ដែល ព័ត៌មានទទួលបានបឋម គឺមានមនុស្ស៣ នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរខេត្ដ ហើយផងដែរ។
លោក អេង ហ៊ី បានបញ្ជាក់ទៀតថា៖ ក្នុងករណីនេះមាន មន្ត្រីប៉េអឹមម្នាក់ និងមន្ត្រីបរិស្ថានម្នាក់ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍អាវុធរវាងមន្ត្រីទាំងពីរអង្គភាព។ បញ្ហានេះលោកមិនអាច លម្អិតពីមូលហេតុនៃការផ្ទុះអាវុធនេះទេ ព្រោះកន្លែងកើតហេតុជាតំបន់ក្នុងព្រៃជ្រៅ គ្មានសេវាប្រព័ន្ធទូរស័ព្ទ។
ក្នុងនោះគណៈកម្មការមួយនឹងត្រូវបង្កើតឡើងនៅពេលដ៏ខ្លីខាងមុខនេះផងដែរ ដើម្បីធ្វើការស៊ើបអង្កេតលើ ករណីនេះ។ បើតាមអ្នកនាំពាក្យប៉េអឹមផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស នឹងធ្វើជាប្រធានគណៈ កម្មការពិសេសនេះ។
ជាមួយគ្នានេះបើយោងតាមប្រភពីសមត្ថកិច្ចខេត្តមណ្ឌលគិរី ឲ្យដឹងថា ៖ ករណីខាងលើនេះកើតឡើងដោយមន្ត្រីបរិស្ថាន និងមន្ត្រីអាវុធហត្ថ បាញ់គ្នាបណ្ដាលឲ្យមនុស្ស៣នាក់បានស្លាប់ ខណៈប្រជាពលរដ្ឋ ដែលជាអ្នកបកប្រែ និងជាប្រជាពលរដ្ឋក្នុងសហគមន៍រងរបួសធ្ងន់ ហើយ ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត នៅវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចប៉ុស្តិ៍អូររាំង ដែលស្ថិតនៅតាមក្រវ៉ាត់ព្រំដែន ក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
ចំណែប្រភពមួយចំនួននៅជំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ៣ម៉ោង មន្ត្រីបរិស្ថាន ដែលបានស្លាប់នោះ បានទូរស័ព្ទមកកាន់ប្រធានប៉ុស្តិ៍អូររាំង ផ្នែកបរិស្ថាន ប៉ុន្តែមិនបានលើកទូរស័ព្ទ ក្រោយមកក៏មានហេតុការណ៍ផ្ទុះអាវុធនេះកើតឡើង ដូច្នេះគេពុំដឹងថា ការផ្ទុះអាវុធនេះផ្តើមឡើងដោយបញ្ហាអ្វីនោះឡើយ។
ពាន់ព័ន្ធករណីផ្ទុះអាវុធរហូតមានអ្នកស្លាប់៣នាក់នោះគ្មានអ្វីក្រៅពីទំនាស់ផលបករយោជន៌ ដោយតំបន់ខាងជាកន្លែងច្រចេញឈើខ្សច្បាប់ញឹកញាប់។
យោងរបាយការណ៍របស់នគរបាលខេត្តមណ្ឌលគិរី ៖ ករណីផ្ទុះអាវុធនេះកើតឡើងរវាងកម្លាំងអាវុធហត្ថ និងមន្ត្រីបរិស្ថាន ជាមួយកម្លាំងនគរបាលការពារព្រំដែនស្លាប់៣នាក់ (មន្ត្រីអាវុធហត្ថ និងមន្ត្រីបរិស្ថាន និងម្នាក់ជាបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល)។ ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្ត្រីអាវុធហត្ថ ទី២៖ ឈ្មោះ កើត សុខណៃ ជាមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន និងទី៣៖ បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល (មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ) ៕ ដោយ៖បញ្ញាស័ក្តិ