មនុស្សយ៉ាងហោចណាស់ចំនួន ៥០នាក់បានស្លាប់ និងជាង ២លាននាក់រងផលប៉ះពាល់ ដោយសារតែទឹកជំនន់នៅក្នុងរដ្ឋ Assam នៃប្រទេសឥណ្ឌា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនៃប្រទេសនេះ។
ភ្លៀងធ្លាក់ខ្លាំងក៏បណ្តាលឲ្យលិចភូមិរាប់ពាន់។ ជំរំរាប់រយ ត្រូវបានគេសាងសង់ដើម្បីផ្តល់ជម្រកដល់ជនរងគ្រោះ។
ការមានភ្លៀងមូសុងខ្លាំងនៅតំបន់ខាងលើគឺជារឿងធម្មតា ដែលកើតមានជារៀងរាល់ឆ្នាំ ប៉ុន្តែនៅឆ្នាំនេះ វាធ្វើឲ្យកាន់តែធ្ងន់ធ្ងរ ខណៈដែលឥណ្ឌាកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីវីរុសកូរ៉ូណា។
កាលពីថ្ងៃអង្គារ មន្ត្រីនិយាយថា តំបន់នៃឧទ្យានជាតិ Kaziranga នៅក្នុងរដ្ឋ Assam ដែលជាតំបន់បេតិកភណ្ឌរបស់អង្គការយូនីស្កូ ត្រូវបានលិចលង់ និងបណ្តាលឲ្យសត្វយ៉ាងតិច ៥១ក្បាលបានងាប់។ មន្ត្រីតំបន់នោះបានសង្គ្រោះសត្វចំនួន ១០២ក្បាល ខណៈដែលសត្វខ្លា និងរមាសមួយចំនួន បានវង្វេងចូលក្នុងភូមិក្បែរនោះ ដើម្បីគេចពីទឹកជំនន់។
តំបន់ឧទ្យានជាតិ Kaziranga ជាកន្លែងរស់នៅរបស់រមាសស្នែងមួយចំនួន ២ ភាគ ៣នៃរមាសទាំងអស់នៅលើពិភពលោក។
មន្ត្រីឥណ្ឌាបានបញ្ចេញទូកចំនួន ១០០គ្រឿងទូទាំងរដ្ឋរងគ្រោះ ខណៈដែលអាជ្ញាធរបានសាងសង់ជំរុំចំនួនជិត ៥០០ ទូទាំង ២០ស្រុក ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នទៅដល់មនុស្សជាង ៦០.០០០នាក់។ ផ្លូវ ផ្ទះសម្បែង និងអគារ ត្រូវបានជន់លិចដោយទឹកជំនន់នៅផ្នែកខ្លះនៃរដ្ឋខាងលើ។
សូមរំលឹកថា នៅក្នុងខែដូចគ្នា កាលពីឆ្នាំមុន មនុស្សរាប់លាននាក់ត្រូវបានជាប់គាំ ឬផ្លាស់ប្តូរទីលំនៅ ដោយសារតែទឹកជំនន់បំផ្លិចបំផ្លាញមួយផ្នែកធំនៃប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដេស។
រដ្ឋចំនួន ២របស់ឥណ្ឌា គឺ Assam និង Bihar រងការវាយប្រហារខ្លាំងជាងគេ ដោយមន្ត្រីបញ្ជាក់ថា មានមនុស្សស្លាប់ជិត ១០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC