Wednesday, January 26, 2022

បុរស​ម្នាក់​ចុះ​អូស​ត្រី ក្នុង​អូរ​តា​គឹម នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃើញ​ក្រពើ​ធំ​១​ក្បាល​

ភ្នំពេញ ៖ បុរស​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​ទៅ​បង់សំណាញ់​យក​ត្រី​នៅ​ក្នុង​អូរ​តា​គឹម ស្ថិតនៅ​ភូមិ​ឪឡោក សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ជួប​ប្រទះ​ឃើញ​ក្រពើ​១​ក្បាល បង្ហាញ​ខ្លួន​នៅក្នុង​ទឹកអូរ​នេះ​។ ប៉ុន្តែ​ពេលនោះ គាត់​ភ័យ​បាន​រត់ ឡើងមក​លើគោក​វិញ​ទាំង​ព្រលឹងចុងសក់ ចោល​សំណាញ់​នៅ​មាត់​អូរ​។ ហេតុការណ៍​បង្ក​ឲ្យ​អ្នកភូមិ​ភ្ញាក់ផ្អើលរ​ត់ទៅ​មើល ទើប​គាត់​ហ៊ាន​ទៅ​យក​សំណាញ់ ចំណែក​ក្រពើ​មួយ​ក្បាល​នោះ បាន​ហែល​ចូលទៅ​ក្នុង​កំប្លោក​បាត់ទៅ​។​

​ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨ ហើយ​អាជ្ញាធរ​បាន​ឲ្យ​ប្រជា​ការពារ នាំ​អ្នកជំនាញ​ចាប់​ក្រពើ ទៅ​កាន់​ទីនោះ ដើម្បី​ចាប់​ក្រពើ​យកទៅ​ដាក់​នៅ​សួន​សត្វ ប៉ុន្តែ​ពេល​ទៅ​ដល់​រក​ក្រពើ​មិនឃើញ​ឡើយ​ទេ​។​

ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​បាន​និយាយថា ទីនោះ​ពិតជា​មាន​ក្រពើ​មែន ព្រោះ​នៅ​ចុងឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨​នេះ អ្នកនេសាទ​ត្រី ក្នុង​អូរ​ខាងលើ ធ្លាប់​ចាប់​បាន​កូន​ក្រពើ​ចំនួន​៣​ក្បាល​។ ជាក់ស្ដែង​កាលពី​១​អាទិត្យ​មុន​នេះ ប្រជាពលរដ្ឋ​ចាប់​បាន​កូន​ក្រពើ ១​ក្បាល​មាន​ទម្ងន់​ជាង​១៣​គីឡូក្រាម និង​បាន​យក​វា​ទៅ​លក់​។ ចំណែក​ក្រពើ​ដែល​បង្ហាញ​ខ្លួន​នា​ពេល​នេះ សង្ស័យ​ជា​មេ​ក្រពើ​តែ​ម្ដង​ព្រោះ​វា​ធំ​ណាស់​។

​ដោយឡែក ខាង​ប្រជា​ការពារ​ភូមិ បាន​នាំ​អ្នកជំនាញ​ខាង​ចាប់​ក្រពើ ចុះ​ទៅ​កាន់​ទីនោះ​ដើម្បី​ចាប់​ក្រពើ​យកទៅដាក់​សួន​សត្វ ប៉ុន្តែ​ពេល​ទៅដល់ មិន​បាន​ឃើញ​នោះទេ ដែល​សង្ស័យ​វា​មាន​រូង ឬ​ក៏​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​កំប្លោក​។ បន្ទាប់មក​ក៏​បាន​ដកថយ​សិន​រង់ចាំ វា​បង្ហាញ​ខ្លួន​លើក​ក្រោយ​ទៀត នឹង​ចាប់​តែម្ដង ដើម្បី​កុំឲ្យ​វា​យាយី​ដល់​អ្នកភូមិ​។ អាជ្ញាធរ ប្រជា​ការពារ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ប្រុងប្រយ័ត្ន​ផ្អាក​ការនេសាទ​ត្រី ឬ​ចុះ​ទៅ​ងូតទឹក​អូរ​នោះ ជា​បណ្ដោះអាសន្ន រង់ចាំ​ចាប់​ក្រពើ​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​