ពាក្យថាចោរមួយម៉ាត់ គឺជាមនុស្សដែលឆ្លាតខាងអំពើលួច ឬឆក់ប្លន់ ដោយពួកគេមានសមត្ថភាពគ្រប់គ្រាន់ ជាមួយទាំងស្មារតីអង់អាចក្លាហាន វាងវៃ ចេះឃ្លាំមើលស្ថានភាព តិចនិចនិងសកម្មភាពរហ័សរហួន ជាដើម ។ តែយ៉ាងណាក៏ដោយ ភាពឆ្លាត ខ្លាំងពូកែខាងអំពើក្តៅក្រហាយនេះ យូរឆាប់ គង់តែជាប់ជុងពុំខាននោះទេ។
យ៉ាងណាមិញ នៅក្នុងវីដេអូបង្ហោះចែករំលែកដោយ Group ហ្វេសប៊ុកមួយ បានបង្ហាញរថយន្ត១គ្រឿង កំពុងចតរួមជាមួយរថយន្តដទៃទៀត ។ ហើយនៅខណៈពេលនោះ រថយន្តនោះក៏ត្រូវគេមើលឃើញថា ប្រហែលបម្រុងនឹងថយចាកចេញពីកន្លែងចតផងដែរ។
ប៉ុន្តែ ភ្លាមៗនោះ ស្រាប់តែមានចោរម្នាក់ ជិះម៉ូតូចូលទៅពាំងផ្លូវ ដែលជាហេតុធ្វើឲ្យអ្នកបើកបរពុំអាចចាកចេញទាន់ពេលវេលា។ ដោយគ្មានជម្រើស អ្នកបើកបរក៏សុខចិត្តរង់ចាំម៉ូតូនោះចាកចេញ ដោយពុំនឹកគិតថាជាចោរមុនពេលអាចថយរថយន្ត។
ទោះយ៉ាងណា នេះជាឱកាសដ៏ល្អ សម្រាប់ចោររូបនោះ ធ្វើសកម្មភាពបើកឃ្លុបក្រោយរថយន្ត លួចយករបស់របរមួយថង់ រួចបើកចាកចេញយ៉ាងលឿនតែម្តង។ ភ្លាមៗនោះ ម្ចាស់រថយន្តក៏បានបើកទ្វារចុះមកមើល ប៉ុន្តែ អ្វីៗបានហួសពេលអស់ទៅហើយ។
យោងតាមការផុស ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងនៅក្នុង Bandar Puteri, Puchong ប្រទេសម៉ាឡេស៊ី ។
តាមរយៈវីដេអូនេះផងដែរ អ្នកបង្ហោះក៏បានក្រើនរំលឹកដល់អ្នកបើកបរទាំងឡាយ ត្រូវមានការប្រុងប្រយ័ត្ន ចាក់សោរថយន្តគ្រប់ផ្នែកឲ្យបានត្រឹមត្រូវ មិនថាចាកចេញ ទៅចូលក្នុងរថយន្ត ព្រោះថា អាចនឹងមានមនុស្សអាក្រក់ឆ្មក់ចូលមកដោយពុំដឹងហើយប្រព្រឹត្តបទល្មើលដូចករណីនេះអ៊ីចឹង៕ ដោយ៖ លឹម ហុង