បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់ដោយសារខ្សែភ្លើងឆក់ ខណៈពេលកំពុងភ្លៀងស្រិចៗ នៅក្នុងឃ្លាំងលក់ទិញអេតចាយមួយកាលពីម៉ោង ៨ និង២៤នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ។ ឃ្លាំងនោះក៏ឆេះអស់ខ្លះដែរ។
លោកវរសេនីយ៍ ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ ធូ តាំងហូវ ហៅតាំង ភេទស្រី អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនប្រុស ស្រីចំនួន៣នាក់ រស់នៅភូមិដូចខាងលើ។ មុនពេលកើតហេតុជនរងគ្រោះបានដេកនៅក្នុងបន្ទប់ ក៏ឃើញមានផ្សែងភ្លើងហុយចេញពីក្នុងនោះ។ ពេលនោះ មានមនុស្សនិងកម្លាំងនគរបាលនៅក្បែរៗបានជួយពន្លត់ ហើយបន្ទាប់មកក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង ជួយអន្តរាគមន៍បាចនិងបាញ់ទឹកពន្លត់ ទើបរលត់អស់ មិនរាលដាលឆេះទាំងស្រុងនូវសម្ភារៈក្នុងឃ្លាំងនិងរាលឆេះផ្ទះពលរដ្ឋជិតខាងឡើយ។ នគរបាលអោយដឹងថា ៖ ការឆេះបានខូចខាតសម្ភារៈ មានម៉ាស៊ីនត្រជាក់១គ្រឿង,គ្រែដេក១,ពួក១និងភួយ១។
លោកវរសេនីយ៍ ស៊ិន ណារ៉ាក់ បានបានបញ្ជាក់បន្ថែមថា ៖ តាមការពិនិត្យនៅលើសពឃើញមានខ្សែភ្លើងព័ទ្ធលើខ្លួន ។ ដូច្នេះបើតាមការសន្និដ្ឋានជំហ៊ានដំបូង សង្ស័យជនរងគ្រោះគាត់យកឌុយខ្សែភ្លើងដោតនឹងព្រីភ្លើង បណ្តាលឲ្យទុស្សេឆេះហើយឆក់ស្លាប់៕ ដោយ ៖ បន្ទាយ