ភ្នំពេញ៖ បើតាមការផ្សាយព័ត៌មាន លើហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា “ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។
សម្តេចហ៊ុន សែន បានថ្លែងថា ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា តាំងពីសម័យដូនតាយើងមកម្ល៉េះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុត ក្នុងការជំរុញវិស័យកសិកម្ម នៅទូទាំងប្រទេសឲ្យកាន់តែរីកចម្រើន។
ខេត្តតាកែវ គឺជាដែនដីដ៏មានសក្តានុពលមួយ លើវិស័យកសិកម្ម។ កន្លងមក ខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣ លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូង និងច្រូតស្រូវ ជាមួយបងប្អូនប្រជាពលរដ្ឋយើង ប៉ុន្តែមិនច្រូតដោយដៃទៀតទេ គឺដោយគ្រឿងម៉ាស៊ីន៕ដោយ៖កូឡាប