ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានថ្លែងប្រាប់ប្រជាជនអាមេរិចកាលពីថ្ងៃអង្គារម្សិលមិញថា មហិច្ឆតា នុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចនឹងធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងឆាប់រហ័ស ដល់អាមេរិច ហើយ លោកប្តេជ្ញាបន្តយុទ្ធនាការដាក់គំនាបលើរដ្ឋរបបព្យុងយ៉ាង ដើម្បីទប់ស្កាត់វាពីការសម្រេច បានអាវុធប្រល័យលោក។
នៅក្នុងការថ្លែងសារប្រចាំឆ្នាំលើដំបូង ទៅកាន់សភាអាមេរិច លោក ត្រាំ សង្កត់ធ្ងន់លើភាពតានតឹងរវាងអាមេរិច និងកូរ៉េខាងជើង បើទោះបីជាកិច្ចប្រជុំថ្មីៗនេះរវាង កូរ៉េទាំងពីរបានឈានដល់ចំណុចមួយគួរឲ្យកត់សម្គាល់ ហើយជាលទ្ធផលកូរ៉េខាងជើង ព្រមចូលរួមកីឡាអូឡាំពិករដូវរងា ដែលកូរ៉េខាងត្បូងជាអ្នកធ្វើជាម្ចាស់ផ្ទះ។
លោក ត្រាំ ថ្លែងដូច្នេះថា “ការស្វែងរកអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចគំរាមកំហែងដល់ទឹកដីអាមេរិច ក្នុងពេលឆាប់ៗនេះ។ ពួកយើងកំពុងតែធ្វើយុទ្ធនាការដើម្បីដាក់សម្ពាធឲ្យខ្លាំងបំផុត ដើម្បីការពារកុំឲ្យវាកើតឡើង”។
លោក ថ្លែងបន្តទៀតថា “ពួកយើងគ្រាន់តែមើលពីអត្តចរិតគ្មានសីលធម៌របស់របបកូរ៉េខាងជើង យើងអាចដឹងបានពីទំហំនៃការគំរាមកំហែងនុយក្លេអ៊ែរ មកលើអាមេរិច និងសម្ព័ន្ធមិត្តរបស់ពួកយើងទៅហើយ”។
ទោះយ៉ាងណា គាត់មិនបានផ្តល់ពីបញ្ញតិថ្មី ឬបញ្ជាក់លំអិតពីវិធីសាស្ត្រ ដែលគាត់នឹងត្រូវប្រើប្រាស់ទប់ទល់នឹងកូរ៉េខាងជើងឡើយ។
រដ្ឋបាលដូណាល់ ត្រាំ ធ្លាប់បានប្រកាសបញ្ជាក់ថា ខ្លួនចង់បានដំណោះស្រាយផ្នែកការទូតជុំវិញវិបត្តិកូរ៉េខាងជើងជាង ប៉ុន្តែក៏បានបញ្ជាក់ថា រាល់ជំរើសទាំងអស់គឺមាននៅលើតុស្រាប់ រួមទាំងវិធានការយោធាផងដែរ៕ សុភ័ក្ត្រ