តាកែវ៖ សម្តេចតេជោ បានមានប្រសាសន៍ថា គោលដៅនៃការនាំចេញស្រូវ១លានតោន នៅតែស្ថិតក្នុងគោលដៅអាទិភាពរបស់កម្ពុជា ក្នុងការខិតខំប្រឹងប្រែងបន្តទៀត ហើយយើងមានមាសហើយ តែខ្វះក្រដាសខ្ចប់ មានន័យថាកន្លងមកនេះ យើងផលិតស្រូវបានហើយតែយើងនៅខ្វះទីផ្សារនាំចេញ យើងនៅខ្វះខាម៉ាស៊ីនសម្ងួតស្រូវ និងម៉ាស៊ីនកិនស្រូវ។
នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។
មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលការធ្វើស្រែដោយប្រើគ្រឿងចក្រទំនើបៗដូចជាម៉ាស៊ីនភ្ជួស្រែ ម៉ាស៊ីនរាស់ដី ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនច្រូតស្រូវ ហើយក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានបញ្ជារគ្រឿងចក្រទាំងអស់នោះដើម្បីស្វែងយល់ពីប្រសិទ្ធភាពការងារ។
យោងតាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយដឹងថា
ខេត្តតាកែវ ក៏ធ្លាប់ជារាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ខេត្តនេះ មានប្រជាជនសរុប ១,០១៤,៤៧៣នាក់ ក្នុងនោះ ស្ត្រី ៥១៨,៨៨០នាក់ ដោយមានប្រជាពលរដ្ឋប្រមាណ ៧៩% ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ធ្វើស្រែចម្ការ នេសាទត្រី និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការធ្វើស្រែចម្ការរបស់បងប្អូនប្រជាកសិករ ពេលបច្ចប្បន្ននេះដែលភាគច្រើនប្រើប្រាស់គ្រឿងចក្រទំនើបៗ។ មុននឹងចាប់ផ្តើម សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំណេះសំណាលសួរនាំដល់ប្រជាកសិករមួយចំនួន ដើម្បីបានស្វែងយល់ការលំបាក និងភាពងាយស្រួលក្នុងរបរធ្វើស្រែចម្ការ។
តាមការសាកសួររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រជាកសិករបានអោយដឹងថា ការធ្វើស្រែនាពេលបច្ចុប្បន្នពិតជាមានភាពងាយស្រួលជាងពីមុន ដោយយើងមានប្រព័ន្ធធារាសាស្ត្រ យើងមានការប្រើប្រាស់គ្រឿងចក្រកសិកម្មទំនើបៗ លឿនរហ័សទាន់ចិត្ត។ ចំពោះផលលំបាកវិញមានដូចជាបញ្ហាតម្លៃស្រូវ, បញ្ហាផ្លូវសម្រាប់ដឹកជញ្ជូន , និងបញ្ហាសត្វល្អិតជាដើម។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ម៉ាស៊ីនព្រួសគ្រាប់ពូជស្រូវខ្នាតតូច ១៣០គ្រឿង ដល់ពលរដ្ឋ១៣០គ្រួសារ នៅស្រុកព្រៃកប្បាស។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអញ្ជើញមកទីនេះ មិនត្រឹមតែមកច្រូតស្រូវប៉ុណ្ណោះនោះទេ គឺសម្តេចមកនេះ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា គោលដៅនៃការនាំចេញស្រូវ១លានតោននៅតែស្ថិតក្នុងគោលដៅអាទិភាពរបស់កម្ពុជា ក្នុងការខិតខំប្រឹងប្រែងបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ នៅតែជាគោលដៅចម្បង ហើយគោលនយោបាយកសិកម្ម ឆ្នាំ២០១៥-២០២៥ នៅតែបន្តអនុវត្តន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១២ កម្ពុជានៅខ្វះស្បៀងនៅឡើយទេ តែពេលដាក់ចេញគោលនយោបាយនាំចេញអង្ករ ស្រូវកម្ពុជាក៏ចាប់ផ្តើមសល់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំកន្លងទៅកម្ពុជាសល់ស្រូវជាង ៦លានតោន និងអង្ករជាង ៤លានតោន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយស្រូវអង្ករសម្រេចបានតែមួយ គឺវិវឌ្ឍន៍ពីខ្វះស្បៀង មកសល់ស្បៀង តែការនាំចេញឱ្យបាន ១លានតោន មិនទាន់សម្រេចនៅឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅនាំចេញអង្ករឱ្យបាន១លានតោន អាចសម្រេចបាននៅឆ្នាំ២០២១។សម្តេចតេជោសង្កត់ធ្ងន់ថា បញ្ហាត្រង់ថា យើងមានមាសហើយ តែខ្វះក្រដាសខ្ចប់ មានន័យថាកន្លងមកនេះ យើងផលិតស្រូវបានហើយតែយើងនៅខ្វះទីផ្សារនាំចេញ, យើងនៅខ្វះខាម៉ាស៊ីនសម្ងួតស្រូវ, និងម៉ាស៊ីនកិនស្រូវ ជាដើម។ ដូច្ចេះហើយទើបកម្ពុជាត្រូវខិតខំស្វែករកទីផ្សារ ខិតខំបង្កើតឲ្យមាន ម៉ាស៊ីនសម្ងួតស្រូវ, ម៉ាស៊ីនកិនស្រូវ ដើម្បីងាយស្រួលក្នុងការនាំចេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាយើងបានផ្ទេរពីការអភិវឌ្ឍកសិកម្មតាមបែបទូលំទូលាយ ទៅជាកាអភិវឌ្ឍបែបស៊ីជម្រៅដែលពេល។ នេះជាការធ្វើស្រែចម្ការនាពេលបច្ចុប្បន្នគឺបានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី គ្រឿងកសិកម្មទំនើបៗ ងាយស្រួលជាងកាលពីមុន។
នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ ដែលមកទល់ថ្ងៃនេះ កម្ពុជាយើងមានករណីឆ្លងថ្មី២៦នាក់ ដែលគួរឲ្យបារម្ភខ្លាំង។
នៅថ្ងៃនេះ សម្តេចតេជោបានប្រកាសទិញម៉ាស៊ីនព្រួសស្រូវប្រភេទធន់ធំចំនួន១,០០០គ្រឿង និងប្រភេទធន់តូច១,០០០គ្រឿង ។ សម្តេចតេជោនឹងផ្តល់ជូនបងប្អូនប្រជាកសិករចំនួន ១៣០គ្រួសារដែលក្នុង១គ្រួសារទទួលបានម៉ាស៊ីនមួយគ្រឿង។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន ផ្តល់អំណោយអនុស្សវរីយ៍មានជាសម្ភារប្រើប្រាស់មួយចំនួន ជាពិសេសសម្ភារប្រើប្រាស់ការពារកូវីដ១៩ ស្រូវពូជ និង ថវិកាមួយចំនួនទៀតផង៕ដោយ : កូឡាប