Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ពោធិ៍សាត់ បញ្ជាក់ថា “​អ្នកយក​ដី​គេ​ត្រូវ​ឱ្យគេ​វិញ អ្នក​ជំពាក់​លុយ​គេ​ត្រូវ​សង​គេ បើ​អត់​ឬ​ឃ្លាន​ត្រូវសុំ​គេ​”

​ពោធិ៍សាត់​៖ បញ្ហា​ប្រឈម ក៏ដូចជា​សំណូមពរ ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ចំនួន​៤១​ករណី ត្រូវបាន​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ធ្វើការ​សម្របសម្រួល និង​ដោះស្រាយ​ជូន ជា​លក្ខណៈ​គ្រួសារ ទៅតាម​លទ្ធភាព​ជាក់ស្តែង នា​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ នៅ​វេទិកា​ក្នុង​សាលាខេត្ត​ពោធិ៍សាត់​។ នេះ​បើតាម​ប្រភពព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ផេ​ក​រដ្ឋបាល​ខេត្តពោធិ៍សាត់​។​

​កិច្ចសម្របសម្រួល និង​ដោះស្រាយ​ខាងលើ បានការ​ចូលរួម​ពី​លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់​, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​, លោក លោកស្រី​អភិបាលរង​ខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​, អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​បញ្ហា​ប្រឈម និង​សំណូមពរ​ទាំង ៤១​ករណី​នោះ​រួមមាន​៖ ទំនាស់​ក្រុមគ្រួសារ​, ទំនាស់​ដីធ្លី (​ទំនាស់​ព្រំដី​, ទំនាស់​ដី​ជាន់​កម្មសិទ្ធិ​), ជំពាក់​បំណុល​គេ និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​…​។​ល​។

​បើតាម​លោក គឹម ចន្ថា ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុង​កិច្ច​ដំណោះស្រាយ​ខាងលើ ឯកឧត្តម ម៉ៅ ធនិន បាន​សូមឱ្យ​ភាគី​ទាំងសងខាង​និយាយ​តែ​ការពិត មានការ​ទទួលខុសត្រូវ​ចំពោះ​កំហុស​របស់ខ្លួន ដែល​បានធ្វើ​កន្លងមក កុំ​ប្រកែក​យកឈ្នះ​រៀងៗ​ខ្លួន ដោយ​គ្មាន​ឯកសារ​ផ្លូវច្បាប់ និង​ត្រូវមាន​ការសណ្ដោសប្រណី​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​អាច​បញ្ចប់រឿង​បាន ចៀសវាង​ប្ដឹងផ្ដល់​គ្នា​ទៅដល់​តុលាការ នាំឱ្យ​ខាតបង់​ទាំង​ពេលវេលា និង​ថវិកា​។

​លោក​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​បន្ថែមថា ឯកឧត្តម​អភិបាលខេត្ត ជានិច្ចកាល​បានលើកឡើង​ថា «​អ្នកយក​ដី​គេ​ត្រូវ​ឱ្យគេ​វិញ អ្នក​ជំពាក់​លុយ​គេ​ត្រូវ​សង​គេ បើ​អត់​ឬ​ឃ្លាន​ត្រូវសុំ​គេ និង​ត្រូវ​សណ្តោស​ប្រណី​គ្នា​ទៅវិញទៅមក ព្រោះនេះ​គឺជា​តម្លៃពិត​ដែល​មនុស្ស​ទូទៅ​គេ​ត្រូវការ​»​។​

​លោក​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ បាន​បន្តថា សម្រាប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ ចាប់តាំងពី​ម៉ោង ៨ និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ០១ និង​០០​នាទី​រសៀល ឯកឧត្តម ម៉ៅ ធនិន បាន​ប្រើប្រាស់ និង​បំពេញ​តួនាទី​ទៅតាម​ឋានានុក្រម​គ្រួសារ ជា​កូន ជា​ក្មួយ ជា​បង និង​ជា​ប្អូន ដោយ​ខិតខំ​សម្របសម្រួល និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៤១​ករណី និង​នៅ​សេសសល់​ប៉ុន្មាន​ករណី​ផ្សេងទៀត ទៅ​បន្ត​នៅ​សប្តាហ៍​ក្រោយ​។​

​ដំណោះស្រាយ​ប្រកបដោយ​ភាពប៉ិនប្រសព្វ មានគុណ​ធម៌ និង​ភាពឈ្លាសវៃ របស់​ឯកឧត្តម​អភិបាលខេត្ត បានធ្វើឱ្យ​ភាគី​ទាំងសង្ខាង​ទទួលយក​ដោយ​ការពេញចិត្ត មាន​ភាពកក់ក្ដៅ និង​គ្មាន​ការ​គុំ​គួ​ន​ទៅ​ថ្ងៃ​ខាងមុខ​នោះឡើយ​។ វិធីសាស្ត្រ​សម្របសម្រួល​បែបនេះ ពិតជា​វិធីសាស្ត្រ​មួយ​ដ៍​ល្អប្រសើរ ក្នុង​ការជួយ​ដល់​ប្រព័ន្ធយុត្តិធម៌ ជាពិសេស​អ្វីដែល​អស្ចារ្យ​ទៅទៀត​នោះ ដោះស្រាយ​បញ្ហា​រួច​ត្រឡប់ទៅផ្ទះ​វិញ បើ​ចាស់ជរា ជនពិការ ស្ត្រី​កូនតូច ឬ​ស្ត្រី​មាន​ផ្ទៃពោះ ឯកឧត្តម​អភិបាលខេត្ត បាន​ជូន​ជា​អង្ករ ថវិកា ឬ​សារុង សម្រាប់​ជួយ​ដោះស្រាយ​ជីវភាព និង​សម្រាល​បន្ទុក​ជាដើម​៕ ដោយ​៖​កូ​ឡាប​

 

×