ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ទាមទារឱ្យមាន ចូលរួមសហការគ្នាទាំងរដ្ឋ ឯកជន សមាគមអ្នកសារព័ត៌មាន ទើបអាចធ្វើឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ហើយត្រូវធ្វើអ្វីមួយ កុំដាក់ជាស្វ័យប្រវត្តិ នៅពេលដែលមានគេលើកជាព័ត៌មានមួយមក ដែលហាក់បីដូចជាអវិជ្ជមាន តែជាស្វ័យប្រវត្តិ ចោទគេថាប្រឆាំង ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបែបនេះ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវិជ្ជាជីវៈសារព័ត៌មានដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត នៅព្រឹកថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២០ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។ ក្នុងពិធីក៏មានការចូលរួមពី លោក Sardar Umar Alan តំណាង អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ យូណេស្កូ ប្រចាំកម្ពុជា និង លោក Magnus Saemundsson លេខាទីមួយ នៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជា។
សៀវភៅនេះ ជាមេរៀនសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈសារព័ត៌មាន”ជូនដល់អ្នកសារព័ត៌មាន និងអ្នកអប់រំផ្នែកវិជ្ជាជីវៈសារព័ត៌មាន នៅប្រទេសកម្ពុជា ដែលជាមធ្យោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។
នៅក្នុងឱកាសនោះ លោក Sardar Umar Alan តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា បានគួសបញ្ជាក់ថា សៀវភៅនេះគឺជាឯកសារដែលផ្តល់ធនធានផ្នែកចំណេះដឹងដ៏ជឿនលឿន និង ទំនើបចុងក្រោយបង្អស់។ ការបោះពុម្ពផ្សាយនេះគឺជាផ្នែកមួយនៃ «គំនិតផ្តួចផ្តើមជា សកលសម្រាប់ឧត្តមភាព ក្នុងវិស័យអប់រំវិជ្ជាជីវៈ សារព័ត៌មាន»ដែលជាការផ្តោតលើ កម្មវិធីអន្តរជាតិរបស់អង្គការយូណេស្កូ សម្រាប់អភិវឌ្ឍន៍វិស័យសារគមនាគមន៍។ គំនិតផ្តួចផ្តើមនេះ មានគោលបំណង ផ្សារភ្ជាប់ការបង្រៀន ជាមួយការអនុវត្ត និងការស្រាវជ្រាវ ផ្នែកវិជ្ជាជីវៈ សារព័ត៌មានពីទស្សនៈជាសកល ដោយរួមបញ្ចូលការចែករំលែកគំរូល្អនៅថ្នាក់អន្តរជាតិ។
លោក Magnus Saemundsson លេខាទីមួយនៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ក៏បាន បង្ហាញនូវចំណាប់អារម្មណ៍ ទាក់ទងសៀវភៅនេះ ដែលមានសារសំខាន់សម្រាប់សេរីភាពសារព័ត៌មាននៅកម្ពុជា។ កម្មវិធីសិក្សាគំរូនេះផ្តល់នូវគោលការណ៍ណែនាំទ្រឹស្តី និងបរិបទសម្រាប់អ្នកសារព័ត៌មាន និងអ្នកអប់រំផ្នែកវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងនិស្សិត ក្នុងការអនុវត្តកិច្ចការសារព័ត៌មានដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ ដែលបម្រើជាជម្រើសមួយដែលមាន តម្លៃខ្ពស់និង គួរឱ្យទុកចិត្ត ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិតនិងព័ត៌មានខុស
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងការរីករាយដែលអង្គការ យូណេស្កូ បានធ្វើការបកប្រែសៀវភៅនេះ ជាភាសាខ្មែរ ក្រោមការជួយពីរដ្ឋាភិបាលនៃប្រទេសស៊ុយអ៊ែត ដោយបានបោះពុម្ពជាសៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ដែល ផ្តល់សារសំខាន់សម្រាប់សារណះជន និងអ្នកសារព័ត៌មាន ។
ឯកឧត្តមបានបញ្ជាក់ ពីភាពខុសគ្នា រវាងដំណឹងគឺជាផ្នែកមួយ តែព័ត៌មានជាចង្កោមនៃដំណឹង តែបើដំណឹង ក្លែងក្លាយកាន់តែច្រើនទៅៗ វាប្រែទៅជាព័ត៌មាន មួយ ហើយដំណឹងនឹងក្លាយទៅជាចរន្តមួយ ដែលបង្កការមិនទុកចិត្ត បង្កភាពចលាចលជ្រួលច្របល់ នៅក្នុងសង្គម។ ជាក់ស្តែងក្នុងពេល ដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ មានការផ្សព្វផ្សាយនៅប្រទេសខ្លះ ថាជំងឺនេះ ជារឿងធម្មតា តែចុងក្រោយមានអ្នកស្លាប់ដោយសារជំងឺនេះ នៅទូទាំងពិភពលោករាប់លាននាក់ ហើយសម្រាប់ប្រទេសដែលមានការជឿជាក់ និងមានព័ត៌មានពិត មានវិធានការ ការពារ ច្បាស់លាស់ មិនមានអ្នកស្លាប់ ឬស្លាប់តិចតួចតែប៉ុណ្ណោះ។ ដូច្នេះព័ត៌មានក្លែងក្លាយ វាបាន ធ្វើឱ្យប៉ះពាល់ ខ្លាំងមិនមែនត្រឹមតែ នយោបាយ នោះទេ វាប៉ះពាល់ដល់សេដ្ឋកិច្ច និងគ្រប់ ជីវភាពក្នុងសង្គម ។ ដូច្នេះសម្រាប់សៀវភៅនេះ គឺមានសារសំខាន់ដល់សាធារណះជន និង អ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាព ហើយសម្រាប់ក្រសួងព័ត៌មាន មិនបានយល់ស្របទៅនិងគំនិត ដែលចង់ឱ្យបង្កើតច្បាប់ ប្រឆាំងព័ត៌មានក្លែងក្លាយនោះទេ ព្រោះការធ្វើច្បាប់នេះ វាពិបាកក្នុងការកំណត់ណាស់ ហើ មិនបានការពារផលប្រយោជន៍រួមនោះទេ តែវាអាចការពារផលប្រយោជន៍បុគ្គល ហើយអាចក្លាយទៅជាការរំលោភសិទ្ធិក្នុងការបញ្ចេញមតិទៅវិញ៕ដោយ៖បញ្ញាស័ក្តិ